ក្រុមហ៊ុន Chery របស់ចិន បើករោងចក្រផលិតរថយន្តដំបូងនៅអេស្ប៉ាញ

ប៉េកាំង៖ រដ្ឋាភិបាលអេស្ប៉ាញ ថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Chery Auto របស់ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Ebro-EV Motors របស់ប្រទេសអេស្ប៉ាញ ដើម្បីផលិតរថយន្តនៅក្នុងរោងចក្រដំបូងរបស់ខ្លួននៅអឺរ៉ុប។

ក្រសួងឧស្សាហកម្មអេស្ប៉ាញ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ គឺ Chery និង EV Motors បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីផលិតរថយន្តអគ្គិសនីនៅក្នុងអតីតរោងចក្ររបស់ Nissan នៅតំបន់ឧស្សាហកម្ម Zona Franca របស់ទីក្រុងបាសេឡូណា។

ក្រសួងបន្តថា រថយន្តដំបូងនឹងត្រូវផលិតនៅចុងឆ្នាំ ២០២៤នេះ នៅឯអតីតរោងចក្ររបស់ Nissan ដែលបានបិទទ្វារកាលពីឆ្នាំ ២០២១ ដោយវានឹងជួយបង្កើតការងារដល់បុគ្គលិក ដែលបានបាត់បង់ការងារពីមុនចំនួន ១,៦០០នាក់។

ក្រុមហ៊ុន EV Motors របស់អេស្ប៉ាញ បានបញ្ជាក់ថា តាមរយៈការបណ្តាក់ទុករួមគ្នានេះដែរ ក្រុមហ៊ុន Chery នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីម៉ូដែល Omoda របស់ខ្លួននៅរោងចក្រនេះមុនគេ ខណៈដែលក្រុមហ៊ុន EV Motors នឹងចាប់ផ្តើមផលិតរថយន្តរបស់ខ្លួននៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា អេស្ប៉ាញដែលជាប្រទេសផលិតរថយន្តធំជាងគេទីពីររបស់អឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមផែនការដ៏មានមហិច្ឆតាមួយកាលពីឆ្នាំ ២០២០ នោះគឺការទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងអាគុយមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសខ្លួន។ តួយ៉ាង ក្រុមហ៊ុន Volkswagen និង Renault ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានប្រកាសការវិនិយោគចាប់តាំងពីពេលនោះមក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner