២ឆ្នាំ! ទាហានរុស្ស៊ី ស្លាប់៥ម៉ឺននាក់ រីឯអ៊ុយក្រែនស្លាប់៣ម៉ឺននាក់
បរទេស៖ ក្នុងសង្គ្រាមរយៈពេល ជាង ២ឆ្នាំមកនេះ ទាហានរុស្ស៊ី ៥ម៉ឺននាក់ត្រូវបានរាយការណ៍ថា បានស្លាប់ ខណៈដែលភាគីអ៊ុយក្រែនវិញ បានអះអាងថា ទាហានរបស់ខ្លួន ៣ម៉ឺននាក់ បានស្លាប់។
ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ ពីតួលេខស្លាប់ទាហានរុស្ស៊ី ក្នុងចំនួននេះ កាលពីថ្ងៃពុធ ដោយបានដកស្រង់សម្តីរបស់អ្នកសារព័ត៌មានខ្លួនឯងផង, ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរុស្ស៊ី Mediazona ផង ព្រមទាំងប្រភពពីអ្នកស្ម័គ្រចិត្តផ្តល់ព័ត៌មាន ផ្សេងទៀត។ ទីភ្នាក់សារព័ត៌មានអង់គ្លេសមួយនេះ បានចុះផ្សាយទៀតថា នៅឆ្នាំទី២នៃសង្គ្រាម មានស្លាប់ទាហានរុស្ស៊ី ចំនួន២៧៣០០នាក់ កើនឡើង ២៥ភាគរយ បើធៀបនឹងឆ្នាំទី១។ យ៉ាងណាក៏ដោយ បើតាមតួលេខពីរុស្ស៊ីវិញ គឺស្លាប់តិចជាងនេះ ដល់ទៅ ៨ដង ឯណ្ណោះ។
រីឯ ប្រទេសអ៊ុយក្រែនវិញ បាននិយាយ កាលពីខែកុម្ភៈថា ខ្លួនបានបាត់បង់ទាហាន ៣១០០០ នាក់ ប៉ុន្តែ តួលេខពិតប្រាកដ អាចនឹងច្រើនជាងនេះ ចាប់តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មក។ ប៉ុន្តែ រុស្ស៊ីមិនចាត់ទុកថា ជាការលុកលុយទេ ដោយលោកប្រធានាធិបតី Vladimir Putin បានប្រកាសថា វាគឺជាប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត