ព្យុះភ្លៀងមិនធ្លាប់មានក្នុងពេល ៧៥ឆ្នាំ វាយប្រហារទីក្រុងឌូបៃ
ឌូបៃ៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃអង្គារសប្តាហ៍នេះ បានជួបប្រទះភ្លៀងធ្លាក់ដ៏អាក្រក់បំផុតមួយ ក្នុងកម្រិត ២៥៤មីលីម៉ែត្រ ក្នុងរយៈពេលមិនដល់ ២៤ម៉ោងផង ដែលនេះជាកម្រិតដ៏ច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៧៥ឆ្នាំ។
ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ ជន់លិចផ្លូវ ផ្ទះ និងផ្សារទំនើបជាច្រើន ព្រមទាំងបង្ខំអាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនមួយរយៈពេលខ្លី ខណៈព្យុះភ្លៀងដ៏កម្រមួយបានវាយប្រហារលើផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបន្សល់ទុកមនុស្ស១៨នាក់ស្លាប់ក្នុងប្រទេសអូម៉ង់ ក្នុងនោះរួមមានទាំងក្មេងប៉ុន្មាននាក់ផងដែរ។
ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវបានជន់លិចដោយសារព្យុះភ្លៀង ដែលបង្កជាគ្រោះទឹកជំនន់ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា។ ទឹកជំនន់បានជន់លិចផ្សារទំនើប Dubai Mall និង Mall of the Emirates រួមទាំងជន់លិចរថភ្លើងក្រោមដី Dubai Metro។ ចំណែកផ្លូវ និងផ្ទះជាច្រើនខ្នងក៏ត្រូវបានទឹកជន់លិចផងដែរ ដោយសារតែព្យុះភ្លៀងដ៏កម្រមួយនេះ។
ទន្ទឹមគ្នា អ្នកជំនាញអាកាសធាតុក៏បានចេញការព្រមានផងដែរថា ការប្រែប្រួលអាកាសធាតុជាឫសគល់នាំឲ្យសីតុណ្ហភាព និងសំណើមកើនឡើង ដូច្នេះហើយទើបមានហានិភ័យនៃការជន់លិចនៅក្នុងផ្នែកខ្លះនៃតំបន់ឈូងសមុទ្រ ជាពិសេសនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម ហើយបញ្ហាទាំងប៉ុន្មានអាចនឹងកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសអ្នកមានមួយនេះ ដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ដើម្បីរំដោះទឹកភ្លៀងដែលធ្លាក់ខ្លាំងបែបនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា