ត្រឹម៣ខែ ឡានអគ្គិសនីវៀតណាម VinFast រកបានជាង ៣០០លានដុល្លារ

ហាណូយ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់វៀតណាម VinFast នៅថ្ងៃពុធនេះ បានឱ្យដឹងថា ប្រាក់ចំណូលរបស់ខ្លួនក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤ មានចំនួន ៣០២.៦លានដុល្លារ កើនឡើងជិត ២៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ក្រុមហ៊ុន VinFast បានបញ្ជាក់នៅក្នុងឯកសារមួយបញ្ជូនទៅកាន់គណៈកម្មការមូលបត្រអាមេរិក (SEC) ថា ប្រាក់ចំណូលរបស់ខ្លួនក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤នេះ មានចំនួន ៣០២.៦លានដុល្លារ កើនឡើងជិត ២៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ រថយន្តអគ្គិសនី VinFast សរុបចំនួន ៩,៦៨៩គ្រឿង ត្រូវបានចែកចាយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើងច្រើនជាង ៤ដង បើធៀបនឹងឆ្នាំមុន។

យ៉ាងណាមិញ ក្រុមហ៊ុន VinFast ក៏បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៦១៨.៣លានដុល្លារ កើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយតួលេខនេះ ធ្លាក់ចុះច្រើនជាង ១២ភាគរយ បើធៀបនឹងត្រីមាសមុន។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន VinFast នៅតែបន្តរក្សាគោលដៅរបស់ខ្លួន នោះគឺការចែកចាយរថយន្តអគ្គិសនីរហូតដល់ ១០០,០០០គ្រឿងនៅក្នុងឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់វៀតណាមនេះ កំពុងព្យាយាមវាយលុកចូលទៅក្នុងទីផ្សារអន្តរជាតិ ស្ថិតក្នុងគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលៗនៅលើពិភពលោក មានដូចជា Tesla និង BYD ជាដើម។

ជាក់ស្តែង ចាប់តាំងពីដើមឆ្នាំ២០២៤មក VinFast បានបន្តពង្រីកខ្លួននៅលើទីផ្សារអន្តរជាតិ ដោយបានចុះហត្ថលេខាជាមួយវិនិយោគិននៅក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ និងអូម៉ង់ ក៏ដូចជាចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner