ស្ត្រីមានកូនភ្លោះបីនាក់ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ស្វាយរៀង៖ លោកស្រី ភួង សារី លេខាធិការគណៈកម្មាធិការសាខា និងលោក ស្រី ចន្ទ សេង ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារខេត្តស្វាយរៀងកាលពីថ្ងៃទី១៨ ខែមេសា និងក្រុមការងារបានអញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀង សម្ភារ ថវិកាទៅប្រគល់ជូនគ្រួសារកូនភ្លោះបីនាក់ រស់នៅភូមិអង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ខណៈកំពុងជួបការលំបាកដោយសារកូននៅតូចៗ ។
សូមជម្រាបថា គ្រួសារមានកូនភ្លោះ៣នាក់ មានឪពុកឈ្មោះ ព្រំ វិចិត្រ អាយុ៣០ឆ្នាំ និង ម្តាយឈ្មោះស្រី ស៊ីណា អាយុ៣០ឆ្នាំ។

ក្នុងឱកាសនោះ លោកស្រី ភួង សារី បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
អំណោយដែលបានផ្តល់ជូនមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ មុង ភួយ ក្រមា សារុង កញ្ចប់ឃីតមាតា ទារកបីកញ្ចប់ ថវិកា២០ម៉ឺនរៀល និងថវិកាមូលនិធិឃុំ១៥ម៉ឺនរៀល៕


ដោយៈ នុត នាង

ads banner