Flydubai លុបជើងហោះហើរទៅអ៊ីរ៉ង់ បន្ទាប់ពីរងការព្រមាន
បរទេស៖ នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍ Flydubai នៅប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានសម្រេចចិត្តលុបចោលជើងហោះហើរ ទៅកាន់ប្រទេសអ៊ីរ៉ង់ ក្រោយទទួលរងការព្រមានជុំវិញសន្តិសុខ នេះបើតាមក្រុមហ៊ុនប្រកាស ដោយខ្លួនឯង។
ផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន Arabnews សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Flydubai បានអះអាងថា ជើងហោះហើរមួយរបស់ខ្លួន ទើបបានចាកចេញពីទីក្រុង តេអេរ៉ង់ បន្ទាប់ពីអាកាសយានដ្ឋាន នៅរដ្ឋធានីរបស់អ៊ីរ៉ង់មួយនេះ ត្រូវបានបិទ។ ជើងហោះហើររបស់ខ្លួនក៏ត្រូវបានផ្អាក នៅតំបន់នានានៃប្រទេសអ៊ីរ៉ង់ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់អ៊ីរ៉ង់បានរាយការណ៍ អំពីការផ្ទុះ នៅក្នុងខេត្ត Isfahan ភាគកណ្តាល ប៉ុន្តែមិនបានលម្អិតនោះទេ។
ការលុបចោលជើងហោះហើរនេះ ក៏កើតមានឡើង ក្រោយពេលអ៊ីរ៉ង់ ទើបតែបាញ់ម៊ីស៊ីលរាប់រយគ្រឿង លើអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ហើយអ៊ីស្រាអែល កំពុងថ្លឹងថ្លែង ចំពោះការសងសឹក ឬយ៉ាងណា។
យ៉ាងណាមិញ ពុំទាន់មានសេចក្តីថ្លែងការណ៍ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់ដ៏ធំមួយទៀត ឈ្មោះថា Emirates នៅឡើយទេ ជុំវិញរឿងនេះ ដោយគេដឹងថា Emirates និង Flydubai គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាមួយគ្នា៕ ប្រភពពី AFP និង Arabnews ប្រែសម្រួល៖ សារ៉ាត