អាមេរិកពិន័យក្រុមហ៊ុនមានមូលដ្ឋាននៅថៃចំនួន ២០លានដុល្លារ ជុំវិញការបំពានទណ្ឌកម្មអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានពិន័យក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅប្រទេសថៃ ចំនួន ២០លានដុល្លារ ក្នុងថ្ងៃសុក្រនេះ សម្រាប់ការរំលោភលើទណ្ឌកម្មអ៊ីរ៉ង់ មួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីលើទីក្រុងតេហេរ៉ង់ ក្រោយការវាយប្រហារកាលពីចុងសប្តាហ៍មុនលើអ៊ីស្រាអែល។

ក្រសួងរតនាគារអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃសុក្រនេះថា ក្រុមហ៊ុន SCG Plastics ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកក ប្រទេសថៃ បានយល់ព្រមបង់ប្រាក់ពិន័យ ដើម្បីដោះស្រាយការរំលោភលើទណ្ឌកម្មជាក់ស្តែងចំនួន ៤៦៧លើក។

ក្រសួងបន្ថែមថា ការរំលោភទណ្ឌកម្មទាំងនេះ បានធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុអាមេរិកផ្ទេរប្រាក់ចំនួន ២៩១លានដុល្លារនៅចន្លោះឆ្នាំ ២០១៧-២០១៨ ទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងរួមគ្នាដោយក្រុមហ៊ុនជាតិគីមីឥន្ធនៈរបស់ប្រទេសអ៊ីរ៉ង់។ចំណាត់ការនេះ គឺជាការប៉ុនប៉ងចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់លំហូរផ្នែកហិរញ្ញវត្ថុរបស់អ៊ីរ៉ង់។

ការប្រកាសរបស់ក្រសួងរតនាគារអាមេរិកខាងលើនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងកម្មវិធីយន្តហោះដ្រូនយោធារបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំរបស់ទីក្រុងតេហេរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលកាលពីចុងសប្តាហ៍។

ការវាយប្រហាររបស់អ៊ីរ៉ង់នេះ ជាការសងសឹកនឹងការវាយលុករបស់អ៊ីស្រាអែល ទៅលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី ដែលបានសម្លាប់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ចំនួន ៧នាក់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner