អាកាសចរណ៍តួកគី នឹងចាប់ផ្តើមហោះហើរត្រង់ ភ្នំពេញ-អង់ការា ក្នុងពេលឆាប់ៗខាងមុខនេះ

(ភ្នំពេញ)៖ អាកាសចរណ៍តួកគី នឹងចាប់ផ្តើមហោះហើរត្រង់ភ្នំពេញ-អង់ការា ក្នុងពេលឆាប់ៗខាងមុខនេះ ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវ អ៊ូឃូ ខូចាអេសហ្វ៊េ (OIko Kocaefe) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរចំពោះការចាប់ផ្តើមទំព័រថ្មីនៃព្រឹទ្ធសភា អាណត្តិទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងបានបញ្ជាក់ ពីសារសំខាន់ នៃការបន្តការធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរជាពិសេសតាមរយៈតួនាទីដ៏សំខាន់រវាងព្រឹទ្ធសភាកម្ពុជា និងសភាជាតិតួកគី ។

ក្នុងឱកាសដែលឆ្នាំ២០២៤នេះ ជាខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងតួកគី ភាគីទាំងពីរ បានប្តេជ្ញាជំរុញការវិនិយោគ និងពាណិជ្ជកម្មការលើកកម្ពស់ការយល់ដឹងទៅវិញទៅមកអំពីវប្បធម៌ អារ្យធម៌ ព្រមទាំងជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន និងកំណើនទេសចរ។

ភាគីទាំងពីរក៏បានឯកភាពពិនិត្យលទ្ធភាពក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខសភាជាតិ និងព្រឹទ្ធសភា នៃប្រទេសទាំងពីរ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានអះអាងថា អាកាសចរណ៍តួកគី នឹងចាប់ផ្តើមហោះហើរត្រង់ ភ្នំពេញ-អង់ការា ក្នុងពេលឆាប់ៗខាងមុខនេះ ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានសម្តែងការអរគុណដល់រដ្ឋាភិបាលតួកគី ដែលបានផ្តល់នូវជំនួយដល់វិស័យអភិវឌ្ឍន៍ជនបទ សុខាភិបាល ការអប់រំ ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ និងគម្រោងសាងសង់ផ្ទះដល់ប្រជាជនក្រីក្រ នៅស្រុកស្អាង ខេត្តកណ្តាល ។

ឯកឧត្តម ក៏បានស្នើលទ្ធភាពពង្រឹងពង្រីកតួនាទីរបស់ក្រុមមិត្តភាព នៃសមាជិកសភា តាមរយៈយន្តការដែលមានស្រាប់រវាងអង្គនីតិបញ្ញត្តិរបស់ប្រទេសទាំងពីរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner