កីឡាករ កីឡាការិនី ជានិស្សិតបើគ្មានអត្តសញ្ញណច្បាស់លាស់ មិនអនុញ្ញាតឱ្យចូលរួមការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ នាព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានគូសបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលគ្រោងដំណើរការប្រកួតរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ ខែ ឧសភា ខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡា នឹងធ្វើការពិនិត្យយ៉ាងជាក់លាក់ទៅលើសមាសភាពកីឡាករកីឡាការិនីជានិស្សិតដែលចូលរួមប្រកួតមកពីបណ្តាសកលវិទ្យាល័យនិងគ្រឹះស្ថានឧត្តមសិក្សា។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា គ្រប់សមាសភាពនិស្សិតចូលរួមក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤នេះ ក្រសួងនឹងពិនិត្យលម្អិតឱ្យបានជាក់លាក់អំពីសមាសភាពនិស្សិត បើគ្មានអត្តសញ្ញាណច្បាស់លាស់បញ្ជាក់ថានិស្សិតកំពុងសិក្សានៅសកលវិទ្យាល័យនោះទេ គឺមិនអនុញ្ញាតឱ្យប្រកួតតំណាងសកលវិទ្យាល័យឡើយ។ ទាំងអស់នេះជាការលប់បំបាត់ធ្វើឲ្យមានសមភាពក្នុងការលេងកីឡាដោយមានតម្លាភាពស្នើរគ្នា។

ឯកឧត្តម អះអាងថា ប្រសិនបើយើងមិនពិនិត្យលម្អិតនឹងឈានទៅលប់បំបាត់បញ្ញាទាំងអស់នោះទេ ការប្រកួតអាចបង្កើតបានទៅជាមានជម្លោះទៅវិញ ។

ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ដែលបង្កើតឡើងដោយក្រសួងអប់រំយុវជននិងកីឡានេះមានគោលបំណងបំផុសចលនាឱ្យនិស្សិតចូលរួមលេងកីឡាឱ្យបានមួយមុខឬច្រើនមុខប្រចាំជីវិតរបស់ពួកគេ ដើម្បីគុណភាពជីវិត ជាពិសេស គឺមិត្តភាព សាមគ្គីភាព និងសុខភាព ។ ជាមួយគ្នានេះដែរ ការប្រកួតនេះ វាក៏ជាការចំរាញ់ស្វែងរកកីឡាករកីឡាការិនីជានិស្សិតដែលឧបនិស្ស័យនិងមានទេពកោសល្យល្អលើប្រភេទកីឡានីមួយ ដើម្បីយកមកបណ្តុះបណ្តាលបញ្ចូលទៅក្នុងក្រុមជម្រើសជាតិនៅថ្ងៃខាងមុខ ព្រោះថានិស្សិតមានប្រាជ្ញាស្មារតីល្អ ឆ្លៀសវ៉ៃ ការហ្វឹកហាត់ចាប់បានរហ័សថែមទៀតផង។

ឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុកកីឡាជំនាញរបស់ក្រសួងអប់រំយុវជន និងកីឡា ក៏បានអំពាវនាវដល់គណៈគ្រប់គ្រងតាមបណ្តាសកលវិទ្យាល័យរាជធានី ខេត្ត រួសរាន់ដាក់ពាក្យចូលរួមប្រកួតឱ្យបានច្រើនកុះករ ព្រោះសកម្មភាពអប់រំកាយនិងកីឡាគឺជាមាសភាពមួយយ៉ាងសំខាន់ក្នុងការអប់រំ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងដំណើរការចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ មានកីឡា១៣ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង រួមមាន៖ -កីឡាបាល់ទាត់ -កីឡាបាល់ទះ -កីឡាបាល់បោះ -កីឡាអត្តពលកម្ម -កីឡាប៉េតង់ -កីឡាហែលទឹក -កីឡាវាយកូនឃ្លីលើតុ -កីឡាវាយសី -កីឡាតេក្វាន់ដូ ITF -កីឡាតេក្វាន់ដូ WT -កីឡាការ៉ាតេ -កីឡាសីដក់ -និងកីឡាគុនដាវ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner