ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល បាននឹងកំពុងប្រែក្លាយក្រុងរុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប ឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

(សៀមរាប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបវំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងប្រែក្លាយក្រុងរុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប ឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា ។ នេះជាប្រសាសន៍លើកឡើងក្នុងជំនួបជាមួយមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីក្នុងខេត្ត នាថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រួមនិងអាជ្ញាធរខេត្តសៀមរាប បាននឹងកំពុងសហការគ្នារៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរនេះ ។ ម្យ៉ាងទៀតយើងក៏បានបំពេញកាតព្វកិច្ចក្នុងកិច្ចការពារនិងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន ម៉ាស៊ីនវាស់វែង ១១ គ្រឿងក្នុងនោះ ៦ គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោង LASED III និង ៥ គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោង LASSP ,  កុំព្យូទ័រDesktop ១២គ្រឿង , កុំព្យូទ័រLaptop ៦ គ្រឿង, UPS Prolink ១២ គ្រឿង , ម៉ាស៊ីនស្គេន ៦ គ្រឿង, ម៉ាស៊ីនព្រីនធ័រ ៦ គ្រឿង, និង LCD Projector ៦ គ្រឿងផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner