មន្រ្តីខេត្តត្រាវិញ និងខេត្តបាត់ដំបង បញ្ជាក់ប្រាប់គ្នាទៅវិញទៅមកអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ

បាត់ដំបង:មន្រ្តីជាន់ខ្ពស់ខេត្តបាត់ដំបង ប្រទេសកម្ពុជា និងខេត្តត្រាវិញ ប្រទេសវៀតណាមបានបញ្ជាក់ប្រាប់គ្នាទៅវិញទៅមកក្នុងការខិតខំបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការល្អឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ក្នុងជំនួបពិភាក្សាការងារនៅសាលាខេត្តបាត់ដំបងរវាងមន្រ្តីរដ្ឋបាលខេត្តបាត់ដំបង និងខេត្តត្រាវិញ កាលពីថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០២៤បានផ្តោតជាសំខាន់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួននិងសម្ព័ន្ធមេត្រីភាព រវាង ខេត្តទាំងពីរឲ្យកាន់តែរឹងមាំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ជម្រាបដល់ប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ឡឹម មិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញអំពីភូមិសាស្រ្តនិងសក្ដានុពលសេដ្ឋកិច្ច ដ៏សម្បូរបែប របស់ខេត្តបាត់ដំបង ជាពិសេសលើវិស័យកសិកម្ម។ ខេត្តនបាត់ដំបង ក៏ជាប៉ូលសេដ្ឋកិច្ចទី៤ ដែលរាជរដ្ឋាភិបាលបានកំណត់ផងដែរ។

ឯកឧត្តម ឡឹម មិញដាំង ក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាពបានស្នើឱ្យរដ្ឋបាលខេត្តបាត់ដំបង បង្កើនក្នុងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយខេត្តត្រាវិញលើវិស័យអាទិភាពសំខាន់ៗដូចជាវិស័យកសិកម្ម អប់រំ ទេសចរណ៍ និង វប្បធម៌ ជាដើម។ប្រតិភូនៃខេត្តត្រាវិញ ក៏បានបង្ហាញបំណងជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសកសិកម្មដល់មន្រ្តីកសិកម្មរបស់ខេត្តបាត់ដំបង។

នៅក្នុងឱកាសនេះឯកឧត្តម សុខ លូ បានចាត់ទុកខេត្តត្រាវិញជាខេត្តមួយដែលមានភូមិសាស្រ្ត និងសក្ដានុពលប្រហាក់ប្រហែលនឹងខេត្តបាត់ដំបង។ ឯកឧត្តមអភិបាលខេត្តថ្លែងអំណរគុណដល់គណៈប្រតិភូលើគម្រោងជួយបណ្ដុះបណ្ដាលដល់មន្រ្តីជំនាញកសិកម្មនៅខេត្តបាត់ដំបង និងផ្នែកអប់រំដល់មន្រ្តីសាលាខេត្តបាត់ដំបង។
ឯកឧត្តម សុខលូ បានចាត់ទុកការជួយបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម ពីមិត្តវៀតណាម មានសារៈសំខាន់និងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ខេត្តបាត់ដំបង ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនិងកំពុងតែធ្វើការពង្រាយមន្រ្តីជំនាញកសិកម្មឲ្យចុះផ្ទាល់នៅតាមមូលដ្ឋានដើម្បីជួយដល់កសិករ៕


( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប. )

ads banner