ប្រធានាធិបតីតួកគីធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅអ៊ីរ៉ាក់ ដើម្បីពិភាក្សាពីបញ្ហាទឹក ប្រេង និងសន្តិសុខ

បាកដាដ៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ ក្នុងថ្ងៃចន្ទនេះ នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងគោលបំណងពិភាក្សាពីបញ្ហាទឹក ប្រេង និងសន្តិសុខក្នុងតំបន់។

ក្នុងអំឡុងការបំពេញទស្សនកិច្ចដ៏កម្រនៅអ៊ីរ៉ាក់ លោក អឺដូហ្កាន់ គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ ស៊ៀ អាល់ស៊ូដានី និងប្រធានាធិបតីអ៊ីរ៉ាក់ លោក អាប់ឌែល ឡាទីហ្វ រ៉ាហ្ស៊ីដ ក្នុងរដ្ឋធានីបាកដាដ មុនពេលទៅបំពេញទស្សនកិច្ចនៅទីក្រុងអាប៊ីល ដែលជារដ្ឋធានីនៃតំបន់ស្វយ័ត Kurdistan ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។

លោក ស៊ូដានី បានបញ្ជាក់ថា អ៊ីរ៉ាក់ និងតួកគីបានចែករំលែកប្រវត្តិសាស្រ្ត និងមានភាពស្រដៀងគ្នា ក្នុងការចែករំលែកផលប្រយោជន៍ និងឱកាស ប៉ុន្តែក៏មានបញ្ហាមួយចំនួនផងដែរ។ លោក ស៊ូដានី បន្ថែមថា បញ្ហាទឹក និងសន្តិសុខ នឹងស្ថិតនៅលើរបៀបវារៈកំពូលនៃដំណើរទស្សនកិច្ចរបស់លោក អឺដូហ្កាន់។

បើតាមទីប្រឹក្សាកិច្ចការបរទេសរបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ប្រធានបទសំខាន់ៗដែលលោក អឺដូហ្កាន់ នឹងពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ាក់ ក្នុងនោះមានដូចជាការវិនិយោគ ពាណិជ្ជកម្ម ទិដ្ឋភាពសន្តិសុខនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការគ្រប់គ្រង និងធនធានទឹកជាដើម។ នាឱកាសនោះដែរ មានការរំពឹងថា នឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner