សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម ថងលុន ស៊ីសុលីត នៅកម្ពុជា គឺជាការពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ថងលូន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្ដេចតេជោ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ថងលុន ស៊ីសុលីត នៅកម្ពុជានាពេលនេះ គឺជាការពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ដែលជាបងប្អូន ជាអ្នកជិតខាងល្អ។ សម្ដេចតេជោ បានសម្តែងការរីករាយដោយឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ដោយសម្ដេចតេជោក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ហើយក្រោយមក ប្រធានរដ្ឋសភាកម្ពុជាក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ទើបនឹងបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ ហើយនៅពេលនេះ ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោក៏បានសម្តែងនូវការអរគុណចំពោះលិខិតអបអរសាទរ ពីថ្នាក់ដឹកនាំឡាវចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅ និងអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្ដមប្រធានរដ្ឋឡាវ បានសម្តែងការរីករាយដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយក៏បានជួបសម្តេចតេជោ ដែលជាមិត្តភក្តិចាស់ ជាគ្រូ ហើយសម្ដេចតេជោ គឺមានបទពិសោធច្រើន ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍ មានការរីកចម្រើន ហើយដោយថា សម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ ទោះបីជាសម្តេចធ្វើជាប្រធានព្រឹទ្ធសភា ក៏សម្ដេចនៅតែអាចគ្រប់គ្រងនិងដឹកនាំឲ្យមានដំណើរប្រព្រឹត្តទៅយ៉ាងល្អរបស់កម្ពុជា ក៏ដូចជាស្ថាប័នផ្សេងៗទៀត។ ក្នុងនាមរដ្ឋសភា និងប្រជាជនឡាវ ឯកឧត្ដមប្រធានរដ្ឋឡាវ បានថ្លែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា និងអបអរសាទរយ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្ដមប្រធានរដ្ឋឡាវ បានជម្រាបជូនសម្តេចតេជោជ្រាបអំពី ការចូលក្រាបបង្គំគាល់ព្រះករុណាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយាកាសរីករាយកក់ក្ដៅជាទីបំផុត។ ឯកឧត្ដមប្រធានរដ្ឋឡាវ បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ដែលជានិច្ចកាលបានជួយគាំទ្រប្រទេសឡាវ ហើយឯកឧត្ដមប្រធានរដ្ឋឡាវ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្ដមបានសម្តែងសេចក្តីរីករាយដែលបានមកកម្ពុជាជាបន្តបន្ទាប់ ដោយការបំពេញទស្សនកិច្ច ហើយក៏បានចូលរួមកីឡាស៊ីហ្គេមនាពេលកន្លងទៅនេះ ដែលកម្ពុជាបានប្រារព្ធធ្វើឡើងប្រកបដោយជោគជ័យ ហើយនៅពេលនេះបានបំពេញទស្សនកិច្ចនៅកម្ពុជាថែមទៀត ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ឯកឧត្ដមប្រធានរដ្ឋឡាវ មានជំនឿជឿជាក់ថា ក្នុងឋានៈសម្តេចតេជោ ជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរថែមទៀត ក្នុងការលើកកម្ពស់កម្រិតដៃគូ ដែលប្រទេសទាំងពីរជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ប្រទេសទាំងពីរបានរួមដំណើរក្នុងការកសាងសមត្ថភាព ហើយសម្តេចតេជោ និងឯកឧត្តម ថងលុន ស៊ីសូលីត បានធ្វើកិច្ចការជាច្រើនដើម្បីត្រួសត្រាយសម្រាប់ក្មេងជំនាន់ក្រោយ ជាពិសេសលើបញ្ហាព្រំដែន គឺខិតខំដោះស្រាយយ៉ាងណាដើម្បីឱ្យកូនចៅជំនាន់ក្រោយកុំឲ្យមានបញ្ហា។

សម្ដេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សបដិវត្តន៍ឡាវ គឺមានរយៈពេលជាង៤០ឆ្នាំមកហើយ ចាប់តាំងពីប្រទេសទាំង២ មានទំនាក់ទំនងជាមួយគ្នា ដោយសម្រេចបានជោគជ័យត្រចះត្រចង់។ ជាមួយគ្នានេះ សម្ដេចតេជោ បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ ការសម្រេចឱ្យមានផ្លាស់ប្ដូរផ្ទេរអ្នកជំនាន់ចាស់ឲ្យទៅអ្នកជំនាន់ថ្មី គឺជាទស្សនៈដ៏ត្រឹមត្រូវ ដោយកម្ពុជានៅតែមានស្ថិរភាពនយោបាយ មានកំណើនសេដ្ឋកិច្ចរឹងមាំ ចំណូលថវិកាជាតិមានកំណើន និងមិនមានវិបត្តិកើតឡើង។ តាមការស្ទង់មតិជំនឿលើការដឹកនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏មានការកើនឡើងជាបន្តបន្ទាប់ តែទោះយ៉ាងណាក៏ដោយគណបក្សប្រជាជនកម្ពុជាក៏មិនព្រងើយកន្តើយក្នុងការត្រៀមខ្លួនដើម្បីជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៧-ឆ្នាំ២០២៨ ខាងមុខនេះដែរ។

ទាក់ទងនឹង វិស័យសេដ្ឋកិច្ច ទេសចរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយចំពោះកិច្ចសហប្រតិបត្តិការដែលយើងមានសព្វថ្ងៃ ដោយទំហំពាណិជ្ជកម្មមានការកើនឡើង កម្ពុជាបានទិញអគ្គិសនីពីប្រទេសឡាវច្រើន ហើយឡាវក៏បានប្ដេជ្ញាខិតខំប្រមូលអគ្គិសនី ផ្ដល់ឱ្យកម្ពុជា ឱ្យបានគ្រប់គ្រាន់ និងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការវិស័យថាមពលនេះ ហើយក្រៅពីនោះ ពាក់ព័ន្ធវិស័យទេសចរណ៍ក៏ល្អប្រសើរ ដោយយើងបានធ្វើការហោះហើរត្រង់ឡើងវិញ ចំនួនទេសចរក្រៅប្រទេសមកកម្ពុជា ហើយក៏មានពីកម្ពុជា បន្តទៅឡាវមានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្ដមប្រធានរដ្ឋឡាវ បានរំលឹក និងថ្លែងអំណរគុណចំពោះសម្តេចតេជោដែលបានចែករំលែកនូវមេរៀនល្អៗជាច្រើន ក្នុងការរក្សាស្ថិរភាពនយោបាយ និងកោតសរសើរចំពោះ ការរៀបចំផ្ទេរតំណែង ពីអ្នកជំនាន់ចាស់ទៅជំនាន់ថ្មី ហើយការផ្តល់តួនាទីទៅដល់មន្ត្រីរាជការអោយមានដំណើរប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នផ្សេងៗបានរលូន ហើយក៏បញ្ជាក់ទៀតថា ឯកឧត្ដម រីករាយដែលបានជួបសម្ដេចតេជោ នាពេលនេះហើយក៏បានសង្កេតឃើញថា កម្ពុជាមានស្ថិរភាពនយោបាយហើយកំពុងតែបោះជំហានទៅមុខយ៉ាងល្អប្រសើរ។ ឯកឧត្តមប្រធានរដ្ឋឡាវ បានបញ្ជាក់ថា វត្តមានរបស់ឯកឧត្ដម នាពេលនេះគឺ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមប្រជុំរវាងគណបក្សទាំងពីរ។ ក្នុងឱកាសនេះ ឯកឧត្ដមបានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងចូលរួមប្រជុំរវាងគណបក្សទាំងពីរនៅឆ្នាំក្រោយផងដែរ។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចាត់ទុកឯកឧត្ដម ជាភ្ញៀវបរទេសកំពូលទី១ បំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងខណៈដែលសម្តេចមានតួនាទីជាប្រធានព្រឹទ្ធសភា និងជំរុញឱ្យកូនចៅជំនាន់ក្រោយមានទំនាក់ទំនងល្អជាមួយគ្នា ធ្វើការជាមួយគ្នា សុខដុមក្នុងការរស់នៅភូមិផងរបងជាមួយគ្នា ប្រកបដោយការទុកចិត្តគ្នា។

សម្ដចតេជោបានស្នើដល់ឯកឧត្ដមប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា ហើយប្រធានរដ្ឋឡាវបានគាំទ្រចំពោះគម្រោងនេះផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner