វេទិកាសាធារណៈ នៅតែជាប្រធានបទសកម្មភាពសំខាន់សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តរៀបចំវេទិកាសាធារណៈនានាដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ។

បញ្ជាក់ទៅកាន់អ្នកចូលរួមនៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី បានណែនាំដល់ក្រុមការងារទាំងអស់ថា ស្ថិតក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល សូមក្រុមការបន្តតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ និងការជួយសម្របសម្រួលការងារនានាជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការបន្តរៀបចំវេទិកាសាធារណៈនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនឱកាសនានាដល់យុវជនតាមបណ្តាមូលដ្ឋានបានដឹង និងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬការចូលរួមប្រឡងប្រជែងដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ន។

សូមជម្រាបថា កម្មវិធីវេទិកាសាធារណៈត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងទៀងទាត់ដោយមន្រ្តីក្រុមការងាររាជរដ្ឋាភិបាល ,អាជ្ញាធររាជធានី ខេត្ត ខណ្ឌ ស្រុក សង្កាត់ ឃុំ ក្នុងអាណត្តិរាជរដ្ឋាភិបាលមុនៗ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលបានបញ្ជាក់ថា តាមរយៈលទ្ធផលដែលសម្រេចរួចមកហើយ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តកម្មវិធីជាតិ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណមដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំសមាសភាពក្រុមការងារចុះ មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការផ្សារភ្ជាប់ ទំនាក់ទំនង និងឆ្លើយតបសំណើ សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗទៀតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព៕
ដោយ : ម៉ុន សំអាត

ads banner