អនុប្រធានទី១ ព្រឹទ្ធសភា បញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលនយោបាយចិនតែមួយ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលនយោបាយចិនតែមួយ និងការបន្តជួយគ្នាទៅវិញទៅមកឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអនុប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិនអាណត្តិមុន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន បានកត់សម្គាល់ដោយពេញចិត្តថា ទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ ស្របពេលគ្នានឹងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទាំងពីរ ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងសភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅថែមទៀត។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្រដ៏សំខាន់របស់ប្រទេសចិន ចំពោះប្រទេសកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី។ ឯកឧត្តមបានបញ្ជាក់ដែរថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា និងចិន ហើយសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ទេសចរចិននឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ ឯកឧត្តម ប្រាក់ សុខុន បានអបអរសាទរចំពោះប្រទេសចិនដែលសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៣ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ និងអបអរសាទរនូវជោគជ័យនៃរៀបចំមហាសន្និបាតសភាចិនទាំងពីរ កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។ ឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ប្រទសចិននឹងបន្តសម្រេចផែនការទំនើបកម្មចិនគ្រប់វិស័យ ជាពិសេសឈានទៅសម្រេចគោលដៅ១០០ ឆ្នាំទី១ នៅឆ្នាំ២០៤៩ ក្នុងការប្រែក្លាយប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា វប្បធម៌ជឿនលឿន និងសុខដុមរមនា។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រប្រទេសកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ និងសូមអគុណចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការស្តា និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យមានការរីកចម្រើន។ ជាងនេះទៅទៀត ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយដែលឃើញទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ មានការរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលនយោបាយចិនតែមួយ និងការបន្តជួយគ្នាទៅវិញទៅមក ឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។

ក្នុងឱកាសនោះដែរ ឯកឧត្តម Zhang Qingli បានសម្តែងនូវសេចក្តីរីករាយថា នេះលើកទី១ហើយ ដែលឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានអារម្មណ៍ជិតស្និទ្ធដូចជាស្គាល់មិត្តភក្តិទាំងអស់យូរហើយ។ ប្រទេសចិនបានចាត់ទុកប្រទេសកម្ពុជាជាអ្នកជិតខាងល្អ ជាមិត្តភ័ក្តិពិតប្រាកដ ហើយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតតាំងពីយូរលង់ណាស់មកហើយ ដោយ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ជឿទុកចិត្តគ្នា គាំទ្រគ្នាទៅវីញទៅមក និងបានបង្កើតគំរូនៃការរួមរស់ដោយស្មើភាពគ្នារវាងប្រទេសធំ និងប្រទេសតូច ព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ឯកឧត្តម Zhang Qingli បានគូសបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ប្រទេសទាំងពីរមានគោលដៅរួម បន្តមិត្តភាពជាប្រពៃណី អនុវត្តគោលដៅសំខាន់តាមមតិឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើន៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner