២០ឆ្នាំ ការផលិតប្លាស្ទិកកើនដល់៤៦០លានតោន រុញផែនដីឲ្យកាន់តែក្តៅ

អូតាវ៉ា៖ ការផលិតប្លាស្ទិកប្រចាំឆ្នាំបានកើនឡើងទ្វេដងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដល់ ៤៦០លានតោន ហើយកំពុងស្ថិតនៅលើផ្លូវកើនឡើងរហូតដល់បីដងក្នុងរយៈពេល ៤ទសវត្សរ៍ខាងមុខ។

អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានឱ្យដឹងថា ប្លាស្ទិកចំនួន ៤៦០លានតោន ក្នុងនោះមានតែ ៩ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ហើយការរួមចំណែករបស់វា គឺការធ្វើឱ្យកំដៅផែនដីអាចនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៦០។

ឆ្លើយតបនឹងបញ្ហាធ្ងន់ធ្ងរនេះ អ្នកតំណាងមកពីប្រទេសចំនួន១៧៥ នៅថ្ងៃអង្គារទី២៣ ខែមេសា បានចាប់ផ្តើមកិច្ចពិភាក្សារួមគ្នា ស្តីអំពីសន្ធិសញ្ញាពិភពលោកដែលបានស្នើឡើងដើម្បីកាត់បន្ថយការបំពុលប្លាស្ទិក ដែលត្រូវបានរកឃើញនៅគ្រប់ទីកន្លែង ចាប់ពីកំពូលភ្នំរហូតដល់បាតមហាសមុទ្រ។

លោក Luis Valdivieso ប្រធានចរចានៅឯកិច្ចពិភាក្សាដឹកនាំដោយអង្គការសហប្រជាជាតិនៅទីក្រុងអូតាវ៉ា បាននិយាយថា ពិភពលោកកំពុងពឹងផ្អែកលើពួកយើងក្នុងការបង្កើតសន្ធិសញ្ញាថ្មីមួយ ដែលនឹងជំរុញសកម្មភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់អនាគតគ្មានការបំពុលប្លាស្ទិក។ រដ្ឋមន្ត្រីបរិស្ថានកាណាដា លោក Steven Guilbeault ថ្លែងថា គោលដៅនៃសន្ធិសញ្ញានេះ គឺស្វែងរកការគាំទ្រចាប់ពី ៦០ ទៅ ៧០ភាគរយ ពីក្រុមប្រតិភូទាំងអស់។

គួរបញ្ជាក់ថា ប្រជាជាតិនានាបានព្រមព្រៀងគ្នានៅឆ្នាំ២០២២ ដើម្បីបញ្ចប់សន្ធិសញ្ញាពិភពលោកដំបូងគេនេះនៅដំណាច់ឆ្នាំ២០២៤ ជាមួយនឹងវិធានការជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិកនៅជុំវិញពិភពលោក។ កិច្ចប្រជុំនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដានេះដែរ ត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ណាស់ មុនពេលឆ្ពោះទៅដល់ការចរចាជុំចុងក្រោយនៅកូរ៉េខាងត្បូងនាចុងឆ្នាំ២០២៤៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner