វៀតណាម៣ម៉ឺននាក់នឹងរៀនបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក Nvidia

ក្រោមកិច្ចសហការថ្មីមួយ រវាងក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម FPT និង ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia សិស្ស និស្សិត វៀតណាម យ៉ាងតិច ៣ម៉ឺននាក់ នឹងទទួលបានការឱកាសសិក្សា ជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ពីកម្មវិធីរបស់ Nvidia ក្នុងរយៈពេល៥ឆ្នាំ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ព្រមជាមួយនឹងគម្រោងបង្កើតរោងចក្រ AI នៅវៀតណាម ក្រោមកិច្ចសហការ រវាងក្រុមហ៊ុនទាំងពីរ នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃអង្គារ។

វៀតណាមចាត់ទុក ការរៀនកម្មវិធីរបស់ Nvidia គឺជាការបង្កើតធនធានមនុស្ស ខណៈដែលខ្លួនគ្រោងនឹងបង្កើនចំនួនអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម ផលិតផលពាក់កណ្តាលសម្រេច ឬ Semiconductor ឲ្យបាន ៥ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣០។ បច្ចុប្បន្ន វៀតណាមមានអ្នកជំនាញខាងផ្នែកនេះ ប្រមាណ៦០០០នាក់។

FPT បានឲ្យដឹងថា រោងចក្រ AI ប្រើបច្ចេកវិទ្យា Software និង បន្ទះ Chip របស់ Nvidia ដែលគ្រោងបង្កើតនៅវៀតណាម មានតម្លៃ ២០០លានដុល្លារអាមេរិក ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតថា នឹងសាងសង់នៅទីតាំងមួយណា ឲ្យប្រាកដនៅឡើយទេ។

FPT បានអះអាងទៀតថា រោងចក្រនេះនឹងផ្តោតលើបច្ចេកវិទ្យា Cloud Computing, AI ចុងក្រោយបំផុតរបស់ Nvidia, រួមទាំង នឹងបច្ចេកវិទ្យាផ្សេងៗទៀត ក៏ដូចជា ការបណ្តុះបណ្តាល។

វៀតណាម ដែលគេស្គាល់ថាជា ប្រទេសផលិតសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារិម នាំចេញ ក្នុងតម្លៃទាប នាពេលបច្ចុប្បន្ននេះ មានបំណងចង់ក្លាយជាមជ្ឈមណ្ឌលអេឡិចត្រូនិក និង AI។ នេះបើតាមប្រភពដដែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner