រដ្ឋសភាប្រកាសសុពលភាពឯកឧត្តម ចាប ម៉ុច និងឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន

ភ្នំពេញ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។

សម័យប្រជុំរដ្ឋសភានាឱកាសនេះមានរបៀប វារៈតែមួយគត់គឺការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកណ្តាលចំនួនពីររូបមាន ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន ដែលបានសូមលាលែងទៅកាន់តួនាទីថ្មី។

ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ត្រូវធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវំាងមុនចូលកាន់តួនាទីជាតំណាងរាស្រ្ត។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងឯកឧត្តម ប្រាក់ សុខុន អតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី៧ ដោយត្រូវជាប់ទៅបំពេញភារកិច្ចថ្មី។ នេះបើយោងតាមពាក្យសុំលាឈប់របស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ការដាក់ពាក្យលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី៧ ដោយសម្តេចតេជោ ហ៊ុន សែន ត្រូវទៅធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សមាជិក សមាជិកា ព្រឹទ្ធសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសរើសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។ ឯកឧត្ដម ប្រាក់ សុខុន អនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner