ទឹកជំនន់ធ្ងន់ធ្ងរជន់លិចរដ្ឋធានីរបស់កេនយ៉ា

ណៃរ៉ូប៊ី៖ ព្យុះភ្លៀង និងទឹកជំនន់ភ្លាមៗនៅថ្ងៃពុធនេះ បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋធានីណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា ដោយផ្លូវនានាបានប្រែក្លាយទៅជាទន្លេ និងផ្ទះសម្បែងដែលលិចទឹក ពោលពេញដោយទឹកភក់។

ផ្នែកជាច្រើននៃប្រទេសកេនយ៉ា និងតំបន់អាហ្រ្វិកខាងកើត បានរងការវាយប្រហារពីព្យុះភ្លៀងឥតឈប់ឈរក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារបាតុភូតអាកាសធាតុ El Nino ដែលធ្វើឱ្យមានភ្លៀងធ្លាក់តាមរដូវ។

មនុស្សជិត ១០០.០០០នាក់បានផ្លាស់ទីលំនៅនៅក្នុងប្រទេសប៊ូរុនឌី ខណៈយ៉ាងហោចណាស់មនុស្ស ៥៨នាក់បានស្លាប់នៅក្នុងប្រទេសតង់ហ្សានី និងជាច្រើនពាន់នាក់ទៀតគ្មានផ្ទះសម្បែង។

នៅប្រទេសកេនយ៉ា ទីភ្នាក់ងារឆ្លើយតបកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣២នាក់បានស្លាប់ និងជាង ៤០.០០០នាក់បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារទឹកជំនន់។ នៅទូទាំងរដ្ឋធានីណៃរ៉ូប៊ី រូបភាពដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយកេនយ៉ា បានបង្ហាញពីរថយន្ត និងម៉ូតូជាប់គាំងនៅក្នុងទឹកជំនន់។

បាតុភូតអាកាសធាតុ El Nino ជារឿយៗបង្កផលវិបាកដ៏អាក្រក់នៅអាហ្វ្រិកខាងកើត ជាក់ស្តែងកាលពីចុងឆ្នាំមុន មនុស្សជាង ៣០០នាក់បានស្លាប់ នៅក្នុងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសកេនយ៉ា សូម៉ាលី និងអេត្យូពី។ ចាប់ពីខែតុលា ឆ្នាំ១៩៩៧ ដល់ខែមករា ឆ្នាំ១៩៩៨ ទឹកជំនន់ដ៏ធំបានបណ្តាលឱ្យមនុស្សជាង ៦.០០០នាក់បានស្លាប់នៅក្នុងប្រទេសចំនួន៥ នៅក្នុងតំបន់អាហ្វ្រិក៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner