អូស្រ្តាលីចាប់ខ្លួនជនសង្ស័យ ៧នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម
កង់បេរ៉ា៖ ប៉ូលីសអូស្ត្រាលី នៅថ្ងៃពុធនេះ បានចាប់ខ្លួនក្មេងជំទង់ ៧នាក់ នៅក្នុងប្រតិបត្តិការវាយឆ្មក់ប្រឆាំងភេរវកម្ម។
មន្ត្រីអូស្ត្រាលីបានចោទថា ក្រុមជនសង្ស័យទាំង ៧នាក់ដែលត្រូវចាប់ខ្លួននាពេលនេះ គ្រោងនឹងបើកការវាយប្រហារ និងបង្ក ហានិភ័យដែលមិនអាចទទួលយកបានដល់សាធារណជន។
ប្រតិបត្តិការនេះ ធ្វើឡើងស្របពេលដែលប៉ូលិសជាង ៤០០នាក់បានចូលរួម ក្នុងប្រតិបត្តិការវាយឆ្មក់នៅតាមទីតាំងចំនួន១៣ ទូទាំងទីក្រុងស៊ីដនី បន្ទាប់ពីមានការចាក់សម្លាប់មនុស្សកាលពីសប្តាហ៍មុន។
ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ត្រូវបានឃុំខ្លួនរួចហើយ ពាក់ព័ន្ធនឹងការវាយប្រហារនោះ ប៉ុន្តែប៉ូលីសនិយាយថា អនីតិជនចំនួន ៧នាក់ទៀត ឥឡូវនេះក៏ត្រូវបានចាប់ខ្លួនផងដែរ។ ប៉ូលិសបន្ថែមថាជនល្មើសទាំងអស់សុទ្ធតែជាអនីតិជន មានអាយុចាប់ពី ១៥ ទៅ ១៧ឆ្នាំ។

ស្នងការរងប៉ូលិសអូស្ត្រាលី លោក Dave Hudson បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការវាយឆ្មក់ថា អាកប្បកិរិយារបស់ក្រុមជនសង្ស័យ ខណៈពេលដែលស្ថិតនៅក្រោមការឃ្លាំមើល បាននាំឱ្យយើងជឿជាក់ថា ប្រសិនបើពួកគេប្រព្រឹត្តអំពើហិង្សាណាមួយ នោះយើងនឹងមិនអាចទប់ស្កាត់បានទេ។
ហើយយើងជឿជាក់តាមរយៈការស៊ើបអង្កេតថា ការវាយប្រហារផ្សេងទៀតអាចនឹងកើតមាន ហើយយើងបានចាត់ទុកថា ហានិភ័យគឺធំណាស់។ លោក Hudson បានសង្កត់ធ្ងន់ថា ទិដ្ឋភាពនៃអំពើភេរវកម្ម និងរ៉ាឌីកាល់នៃយុវវ័យតាមអ៊ីនធឺណិត គឺជាបញ្ហាបន្តសម្រាប់ពួកយើង៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា