កាណាដា និងវេណេស៊ុយអេឡាចុះកិច្ចព្រមព្រៀងប្រេង
អូតាវ៉ា៖ ក្រុមហ៊ុន LNG Energy Group មានមូលដ្ឋាននៅកាណាដា បានប្រកាសក្នុងថ្ងៃពុធថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងរដ្ឋរបស់វេណេស៊ុយអេឡា PDVSA Petroleo ទោះបីជាការបន្តទណ្ឌកម្មប្រេងរបស់សហរដ្ឋអាមេរិកអាចបង្កបញ្ហាក៏ដោយ។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន LNG Energy បានបញ្ជាក់ថា កិច្ចព្រមព្រៀងអភិវឌ្ឍ និងផលិតប្រេង រួមទាំងឧស្ម័ននៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ត្រូវបានបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី១៧ ខែមេសា ពាក់ព័ន្ធនឹងតំបន់ឆ្នេរចំនួនពីរ ដែលអាចចម្រាញ់ទិន្នផលប្រេងបច្ចុប្បន្នរហូតដល់ ៣.០០០បារ៉ែលក្នុងមួយថ្ងៃ។

សេចក្តីថ្លែងការណ៍បន្តថា ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន LNG នឹងមានសិទ្ធិគ្រប់គ្រងចន្លោះពី ៥០ ទៅ ៥៦ភាគរយនៃផលិតកម្មអ៊ីដ្រូកាបូន។
ទន្ទឹមគ្នា អ្នកជំនាញបាននិយាយថា ទោះបីជាជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុនដែលមានបំណងធ្វើការជាមួយវេណេហ្ស៊ុយអេឡា នៅតែអាចស្នើសុំការអនុញ្ញាតពិសេស តួយ៉ាង ដូចជាក្រុមហ៊ុនប្រេងរបស់អាមេរិក Chevron ជាដើម។
វេណេហ្ស៊ុយអេឡាមានស្តុកប្រេងធំជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែការផលិតបានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីការគ្រប់គ្រងមិនត្រឹមត្រូវ និងការទទួលរងទណ្ឌកម្មជាច្រើនឆ្នាំ៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា