ប្រតិបត្ដិករទេសចរណ៍ និងចុងភៅចំនួន ៥ប្រទេស រៀបចំនំបញ្ចុកសប្បុរសធម៌ ដើម្បីបរិច្ចាកថវិកាដល់មន្ទីរពេទ្យកុមារ និងលើកតម្លៃនំបញ្ចុកខ្មែរ
(សៀមរាប)៖ ប្រតិបត្ដិករទេសចរណ៍ខ្មែរ នៅសៀមរាប និងចុងភៅមកពីអន្ដរជាតិចំនួន ៥ប្រទេស បានសហការគ្នា បង្កើតកម្មវិធីនំបញ្ចុកមនុស្សធម៌ ដើម្បីលើកតម្លៃម្ហូបអាហារខ្មែរ ព្រមទាំងប្រមូលថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្ដសៀមរាប ។ នំបញ្ចុកមនុស្សធម៌នេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភោជនីយដ្ឋានពីរនាក់ពូ ក្នុងភូមិវត្ដបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោក ម៉ក់ ម៉េងលី អ្នករៀបចំកម្មវិធីនេះ មានប្រសាសន៍ថា ការរៀបចំនំបញ្ចុកមនុស្សធម៌ ត្រូវបានរៀបចំដោយចុងភៅល្បីៗមកពីក្រៅប្រទេសចំនួន១៥រូបនិងចុងភៅតាមសណ្ឋាគារក្នុងខេត្ដសៀមរាប ដោយមាននំបញ្ចុកខ្មែរចំនួន ១០០គីឡូក្រាម សម្រាប់លក់ឱ្យអ្នកទេសចរ ក៍ដូចប្រជាពលរដ្ឋ ទទួលទាន ក្នុងមួយចានមួយម៉ឺនរៀល ហើយថវិកាដែលទទួលបានពីការលក់នំបញ្ចុកនេះ នឹងយកទៅបរិច្ចាកដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។ ជាមួយគ្នានោះ ការបង្កើតនូវកម្មវិធីនេះ ដើម្បីជួយលើកតម្លៃនំបញ្ចុកខ្មែរ ក្នុងវិស័យទេសចរណ៍ដល់អន្ដរជាតិឱ្យពួកគាត់ស្គាល់កាន់តែច្បាស់ពីនំបញ្ចុករបស់ខ្មែរ។
លោកបានបន្ដថា ការបង្កើតនូវរស់ជាតិសម្លរនំបញ្ចុកខ្មែររួមគ្នាជាមួយចុងភៅក្រៅប្រទេសនេះ មានការគាំទ្រច្រើន ពីអ្នកទេសចរអន្ដរជាតិ និងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប ជាពិសេសបានបង្ហាញពីការសាមគ្គីភាពគ្នា រវាងចុងភៅអន្ដរជាតិ និងចុងភៅខ្មែរ ក្រោយបញ្ចប់ពិធីចូលឆ្នាំ្ថថ្មីប្រពៃណីជាតិខ្មែរ។
លោកបន្ដថា សម្លរនំបញ្ចុកខ្មែរ ដែលមានចុងភៅមកពីប្រទេសចំនួន ៦ប្រទេស ព្រៀបបាននឹងគ្រួសារតែមួយ ខណៈដែលរស់ជាតិរបស់វាមានគ្រឿងផ្សំច្រើន ដែលធ្វើឱ្យបរទេសមានការចាប់អារម្មណ៍ ។
អ្នកស្រី លាត ឡៃ មកពីសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានសម្ដែងការគាំទ្រចំពោះកម្មវិធីនំបញ្ចុកសប្បុរធម៌នេះ ព្រោះវាមិនត្រឹមតែបានជួយដល់ការគាំទ្រដល់នំបញ្ចុករបស់ខ្មែរប៉ុណ្ណោះទេ ថែមទំាងបានទាំងថវិកាជួយគាំទ្រដល់មន្ទីរពេទ្យកុមារផងដែរ។
អ្នកស្រីបន្ដថា ក្នុងនាមជាកូនខ្មែរ លោកស្រីសម្ដែងមោទនភាព ដែលបតិបត្ដិករទេសចរណ៍ រួមគ្នាជាមួយចុងភៅបរទេស បានបង្ហាញនំបញ្ចុកខ្មែរដល់ភ្ញៀវទេសចរនេះ។ លោកស្រី ចង់ឱ្យប្រតិតបត្ដិករទេសចរណ៍នៅកន្លែងផ្សេងទៀត បង្កើតកម្មវិធីនេះឱ្យបានគ្រប់កន្លែង ដើម្បីឱ្យអន្ដរជាតិស្គាល់នូវតម្លៃនំបញ្ចុកខ្មែរនេះទៅកាន់ពិភពលោក។
បើតាម លោក ម៉ក់ ម៉េងលី ការបង្កើតនំបញ្ចុកសប្បុរធម៌នេះ ជាលើកទីមួយ ក្នុងវិស័យទេសចរណ៍ និងបានផ្សព្វផ្សាយអំពីនំបញ្ចុកខ្មែរ ពីព្រោះនំបញ្ចុកបានក្លាយជាមុខរបរមួយ ដ៏ប្រសើរមួយប្រចាំជីវភាពគ្រួសាររបស់ប្រជាជនខ្មែរយើងនិងទី២ដើម្បីប្រមូលថវិកាពីការលក់នំបញ្ចុកនេះទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ។នៅក្នុងកម្មវិធីនេះ ចុងភៅដែលមកពី ៥ប្រទេស បានចូលរួមចំម្អិន ឬធ្វើនំបញ្ចុកខ្មែរដោយផ្ទាល់ ដែលសកម្មភាពនេះ ធ្វើចុងភៅជាជនបរទេសបានចេះផ្សំគ្រឿង និងចេះធ្វើនំបញ្ចុកខ្មែរ ហើយពេលពួកគាត់ត្រឡប់ទៅប្រទេសគាត់វិញ ពួកគាត់អាចធ្វើនំបញ្ចុកខ្មែរ ដែលនេះជាការចូលរួមផ្សព្វផ្សាយនំបញ្ចុកខ្មែរឱ្យបានកាន់តែទូលំទូលាយ ហើយនេះជាលើកទី១ ដែលពួកគាត់បានរួមគ្នាធ្វើ ៕
ដោយ ៖ ស៊ាន សុផាត