មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រំលឹកដល់មន្ដ្រីអត្រានុកូលដ្ឋាន ត្រូវយកចិត្តទុក ដាក់ ក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុនចេញ ជូនពល រដ្ឋយកទៅប្រើប្រាស់
(កំពង់ស្ពឺ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុក ចាយបញ្ញារ៉ា បានក្រើនរំលឹកដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវមុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ជៀសវាងបង្កកំហុសឆ្គងហើយនាំទុក្ខដល់ពលរដ្ឋពេលយកទៅប្រើប្រាស់។ការណ៍ក្រើនរំលឹកនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ ។
ឯកឧត្តម អ៊ុក ចាយបញ្ញារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានលើកឡើងថា កន្លងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មធ្លាប់ទទួលបានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើមន្ត្រីអត្រានុកូលដ្ឋានជុំវិញការបំពេញបែបបទអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ដោយក្នុងនោះពលរដ្ឋបានលើកឡើងថា សំបុត្រកំណើតរបស់ពួកគាត់ត្រឹមត្រូវសោះ អស់លោកយកទៅចម្លងក្នុងគល់បញ្ជីខុសខ្លួនឯង បែរជានាំទុក្ខលំបាកឱ្យប្រជាពលរដ្ឋទៅវិញ ។ ការសរសេរចម្លងខុស គឺជារឿងអសមត្ថភាពការងាររបស់អស់លោក ជាកំហុសរបស់អស់លោក តែបែរជាតម្រូវឱ្យប្រជាពលរដ្ឋរត់ទៅនេះ រត់ទៅនោះ ចុងក្រោយឱ្យទៅតុលាការទាំងពួកគាត់គ្មានកំហុសសោះបែបនេះទៅវិញ ហើយនាំឱ្យខាតបង់ពេលវេលានិងប្រាក់កាក់ទៀតផង ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ថា ដោយមើលឃើញនូវតម្រូវការ នៃការកែតម្រូវទិន្នន័យនេះ ជាតម្រូវការមួយចាំបាច់ សម្រាប់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបាននិងកំពុងសហការជាមួយ ភាគីពាក់ព័ន្ធអនុវត្តការងារមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគតយូរអង្វែង ។ អគ្គនាយកដ្ឋាននឹងពង្រឹងការអប់រំ និងបណ្តុះបណ្តាលមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ អំពីបែបបទ នីតិវិធីនៃការចុះបញ្ជី អត្រានុកូលដ្ឋាន និងការកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ឱ្យបានជាប់ជាប្រចាំ ដើម្បីកាត់បន្ថយកំហុសឆ្គង និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លើសពីនេះ អគ្គនាយកដ្ឋាននឹងសម្រួលនីតិវិធី និងពន្លឿនការកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននៅថ្នាក់ជាតិ(អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម)ឱ្យបានឆាប់រហ័សស្របតាមនីតិវិធីកំណត់ ។
ជាមួយនោះ លោក អ៊ុក ចាយបញ្ញារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក៏បានរំលឹកដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់ចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវមុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ។ ហើយទន្ទឹមនេះដែរសម្រាប់បងប្អូន ប្រជាពលរដ្ឋដែលពិនិត្យឃើញថាមានកំហុសណាមួយលើឯកសាររបស់ខ្លួន សូមបងប្អូនស្នើសុំកែតម្រូវភ្លាមៗនៅឃុំ-សង្កាត់ ដោយកុំទុកយូរ រហូតដល់ឆ្លងចូលឆ្នាំថ្មី ៕
ម៉ុន សំអាត