ប្រកាស លោក រស់ វាសនា ចូលកាន់មុខតំណែងអភិបាលរងក្រុងស្វាយរៀង និងលោក សាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង
(ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សាអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤ បានប្រ កាសចូលកាន់មុខតំណែងលោក រស់ វាសនាជាអភិបាលរងក្រុងស្វាយរៀង និងលោក សាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង។
លោក ហែម ពិសិដ្ឋ បានថ្លែងថា ជំនួសមុខលោកអភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាកឯកភាពរដ្ឋបាលខេត្តស្វាយរៀង សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធររដ្ឋបាលក្រុង-ស្រុក គ្រប់លំដាប់ ថ្នាក់ក្នុងខេត្ត និយាយដោយឡែកចំពោះរដ្ឋបាលក្រុងស្វាយរៀង ដែលខិតខំ បំពេញការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងការរៀបចំ សម្អាត បរិស្ថាន-អនាម័យបានល្អនៅតាមទីសាធារណៈក្នុងក្រុង ដើម្បីជាការ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពីណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែលបានជួយបង្ករលក្ខណៈល្អប្រសើរជាច្រើនជូនដល់ប្រជាពលរដ្ឋ បានធ្វើដំណើរកំសាន្ត ជួបជុំគ្រួសារ បងប្អូន ក៏ដូចជាការទៅទីកន្លែង សក្ការៈនានា ព្រមទាំងបានជួយសម្របសម្រួលរៀបចំទីកន្លែង លេងកំសាន្ត បង្កភាពសប្បាយ ជូនដល់ប្រជាពលរដ្ឋ នាថ្ងៃបុណ្យចូលឆ្នាំថ្មី កន្លងផុត ទៅប៉ុន្មានថ្ងៃនេះ។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារលោកអភិបាលរងខេត្ត បានផ្តាំផ្ញើនូវចំណុច សំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ត្រូវចូលរួមសហការ ពង្រឹង ការ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹង របៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុងឱ្យកាន់តែមានភាពល្អប្រសើរ។
២.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេង ល្បែងស៊ីស ងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។
៣.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
៤. រដ្ឋបាលក្រុង ត្រូវជួយគាំទ្រដល់រដ្ឋបាលសង្កាត់ ក្នុងការរៀបចំ យន្តការ ច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវាស្របតាម សេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ មានតួអង្គស្នូល ចំនួន០៥ ក្នុងការបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋ រួមមាន៖ – មេឃុំ-ចៅសង្កាត់ – ស្មៀនឃុំ-សង្កាត់ – ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ – មណ្ឌលសុខភាព និងមេភូមិ៕
ដោយ ៖ នុត នាង