ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ឱ្យគិតគូរអំពីការរៀបចំក្រុង ឬទីប្រជុំជន ត្រូវមានលំហរបៃតងដើម្បីលើកកម្ពស់សុខភាពសាធារណៈ

ត្បូងឃ្មុំ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ក្រៅពីការជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានរួចរាល់តាមផែនការដែលបានកំណត់ហើយនោះ ក៏ត្រូវគិតគូរអំពីការរៀបចំប្លង់គោល ការរៀបចំក្រុង ផ្ទះសម្បែង ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើរជើងនិងលំហសាធារណៈដែលមានភាពបៃតង ស្របតាមសក្តានុពលរបស់ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងប្រែក្លាយខេត្តនេះឱ្យក្លាយជាទីកន្លែងដែលមានបរិយាកាសប្រកបដោយផាសុកភាពនិងផ្ដល់សុខុមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា កិច្ចការរៀបចំដែនដីនិងការងារចុះបញ្ជីដីធ្លី គឺទាមទារឱ្យមានការឯកភាពចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសេវាគាប់ចិត្តរបស់ក្រសួង ដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត។

បច្នុប្បន្ននេះខេត្តត្បូងឃ្មុំ មានក្បាលដីប៉ាន់ស្មានសរុប ២៥៥ ៧៦៤ក្បាលដី ក្នុងភូមិចំនួន ២៦៩ភូមិ ស្មើនឹង ២២ឃុំ លើ ៥ស្រុក គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់ ដែលត្រូវបន្តចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធឲ្យបានរួចរាល់សម្រេចតាមផែនការរបស់ក្រសួងក្នុងការជំរុញចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។

ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីរួមមាន ម៉ាស៊ីនវាស់វែង ១០គ្រឿងផ្តល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោងLASED III, កុំព្យូទ័រ Desktop ១៦ គ្រឿង, កុំព្យូទ័រLaptop ៨គ្រឿង, ម៉ាស៊ីនព្រីនធ័រA3ចំនួន ២គ្រឿង, ម៉ាស៊ីនស្គែន ៧គ្រឿង, និងម៉ាស៊ីនព្រីនធ័រHP ៧គ្រឿងផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕
ដោយៈគ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner