អាមរិកសង្ស័យ មនុស្សអាចឆ្លងផ្តាសាយបក្សីពីទឹកដោះគោស្រស់

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ថ្មីៗនេះ ទើបតែបានរកឃើញ មេរោគផ្តាសាយបក្សី ក្នុងទឹកដោះគោស្រស់ នៅសហរដ្ឋអាមេរិក ដែលជំរុញឲ្យស្ថាប័នពាក់ព័ន្ធពិសោធន៍ស្រាវជ្រាវដើម្បីស្រាយមន្ទិលថា តើជំងឺនេះអាចឆ្លងដល់មនុស្ស ឬ យ៉ាងណា។ ក្រោយការវិនិច្ឆ័យ អ្នកជំនាញឲ្យដឹងថា មានហានិភ័យតិចតួច ពីការចម្លងរោគ តាមរយៈអាហារប្រភេទនេះ។

កាលពីដើមខែមេសា បុរសម្នាក់ដែលធ្វើការនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅអាមេរិក បានឆ្លងមេរោគផ្តាសាយបក្សី បន្ទាប់ពី សត្វគោក្របីរាប់លានក្បាលនៅទូទាំងសហរដ្ឋអាមេរិកត្រូវគេរកឃើញថាបានឆ្លងមេរោគ H5N1។

មន្ត្រីជំនាញជំងឺរាតត្បាត នៅអង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkhove លើកឡើងថា បើទោះបីជាហានិភ័យនៃការឆ្លងពីទឹកដោះគោទៅមនុស្សមានតិចតួច តែគួរតែបង្កើនការឃ្លាំមើល លើផលិតផលទឹកដោះគោ ដើម្បីសុវត្ថិភាព។ លោកស្រីបន្ថែមថា គួរកំដៅទឹកដោះគោ មុនបរិភោគ។

ផ្តាសាយបក្សី H5N1 បានសម្លាប់សត្វបក្សីរាប់លានក្បាល កំឡុងរលកបច្ចុប្បន្ន ប៉ុន្តែ សត្វគោដែលឆ្លងមេរោគ មិនឈឺធ្ងន់ធ្ងរនោះទេ។ ផ្តាសាយ H5N1 ត្រូវបានរកឃើញដំបូង នៅក្នុងឆ្នាំ១៩៩៦ ប៉ុន្តែផ្តើមផ្ទុះខ្លាំងដល់បក្សី កាលពីឆ្នាំ២០២០៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner