ក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨ ឯកភាពគ្នានៅក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រវាងក្រសួងដែលតំណាងដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និង គ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានវ៉ាន់ដា ក្រោមអធិបតី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងដាក់ឱ្យប្រើ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំង១៨ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យជូនគ្រឹះស្ថានឧត្តមសិក្សាទាំងនេះ ក្នុងករណីមានតម្រូវការប្រើប្រាស់ ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្ម ឌីជីថលរបស់គ្រឹះស្ថានឧត្តមសិក្សា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង បញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីការគិតគូររបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការជួយ គាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការបញ្ជាបចំណេះដឹងបច្ចេកវិទ្យាឌីជីថលដល់និស្សិត ដែលជា ធនធានវ័យក្មេងដ៏មានសក្តានុពល សម្រាប់កសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាម ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់សារជាថ្មីអំពីតួនាទី និងការខិតខំប្រឹងប្រែងរបស់ ក្រសួង ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដ៏រឹងមាំសម្រាប់កម្ពុជា តាមរយៈការបង្កើតនិងដាក់ឱ្យប្រើហេដ្ឋារចនាសម្ព័ន្ធនិងថ្នាលបច្ចេកវិទ្យាឌីជីថលផ្សេងៗ ដើម្បី ជួយដល់ការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យកែប្រែទម្លាប់ចាស់ បង្កើតទម្លាប់ថ្មី ដោយសម្របខ្លួនតាមការវិវត្ត នៃបច្ចេកវិទ្យាឌីជីថល ហើយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យា ឌីជីថល សម្រាប់បម្រើតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើឱ្យការរស់នៅកាន់តែងាយស្រួល ព្រមទាំងជួយដល់ ការបំពេញការងារនៅក្នុងយុគសម័យឌីជីថលកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសម្រេចជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ុនធឺណិតនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំង ១៨ ដែលជា ហេដ្ឋារចនាសម្ព័ន្ធស្នូលសម្រាប់ផ្តល់សេវាអ៊ីនធឺណិតជូនដល់និស្សិត បុគ្គលិកសិក្សា និងសាស្ត្រាចារ្យ ក្នុងការសិក្សា ស្រាវជ្រាវ និងបំពេញការងារ ដែលជាចលករដ៏សំខាន់ក្នុងការសម្រេចបាននូវការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ មានគ្រឹះស្ថាន ឧត្តមសិក្សា សាធារណៈនិង ឯកជនចំនួន ៤២ បានចុះកិច្ចព្រមព្រៀង សហប្រ តិ បត្តិការជាមួយ ក.ប.ទ. ក្នុងការដាក់ឱ្យប្រើ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយ គ្រឹះស្ថានឧត្តមសិក្សាទាំងនោះ។ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ ដោយប្រើប្រាស់ បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ឆ្លៀតផ្ទាត់ ភាពត្រឹមត្រូវនៃឯកសារ។ សញ្ញាបត្រដែល មានដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺអាច យកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើ ឯកសារ ថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ការដាក់ឱ្យប្រើ ផ្ទាលផ្ទៀង ផ្ទាត់ឯកសារ verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំ ឯកសារ ផ្តល់ ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូ វនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់ បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner