វគ្គបណ្ដុះបណ្ដាលមន្ត្រីពាក់ព័ន្ធខេត្តបន្ទាយមានជ័យស្ដីពីការប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជាឆ្នាំ២០២៤

បន្ទាយមានជ័យ៖ មន្ទីរផែនការខេត្តបន្ទាយមានជ័យបានរៀបចំពិធីបើកវគ្គបណ្ដុះ បណ្ដាលមន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ ស្ដីពីការប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យលោក ពេជ ពោធី ទីប្រឹក្សាក្រសួងផែនការ និងជាមន្ត្រីប្រចាំតំបន់ លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ ។វគ្គបណ្ដុះបណ្ដាលមានរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីសារៈសំខាន់នៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យចម្បងដែលមានការកើនឡើងជាលំដាប់ របស់ក្រសួងស្ថាប័នអង្គការជាតិនិងអង្គការអន្តរជាតិនានាសម្រាប់ជាធាតុចូលដល់សំខាន់ក្នុងការ រៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យបានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ក្នុងគោលបំណងបម្រើឳ្យការចុះប្រតិបត្តិការ សម្ភាសន៍នៅមូលដ្ឋានចំនួនប្រាំបួនក្រុង ស្រុក ៣០ឃុំ សង្កាត់ និង៣០ភូមិ ដែលចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងខេត្តបន្ទាយមានជ័យ។ជាពិសេសគឺដើម្បីជំរុញការអនុវត្តការងារឳ្យបានជោគជ័យ ប្រកបដោយគុណភាពល្អប្រសិទ្ធភាព និងបានទាន់ពេលវេលា។
លោកអភិបាលបានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រនិងពិភាក្សាជាមួយក្រុមគ្រូបង្គោលស្នូលបច្ចេកទេសរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលមានបទពិសោធន៍ជាច្រើនក្នុងការងារជំរឿន និងអង្កេតសម្រាប់យកទៅអនុវត្តការងារអង្កេតចន្លោះជំរឿនប្រជាជននេះឲ្យទទួលបានជោគជ័យ៕
ដោយ៖ឃិន គន្ធា

ads banner