ព្រះមហាក្សត្រប្រុយណេ នឹងយាងមកសោយក្រយាពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ ព្រះមហាក្សត្រប្រុយណេ នឹងយាងមក សោយក្រយាពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣០ មេសា ។ នេះបើតាមការបង្ហោះសារលើបណ្ដាញសង្គហ្វេសប៊ុករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា នាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ ២៩ មេសា ខាងមុខនេះ ព្រះមហាក្សត្រប្រុយណេ ព្រះអង្គ និងយាងមកដល់កម្ពុជា ដែលខ្ញុំនិងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។
សម្ដេចបន្តថា ករណីបែបនេះ មិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ ពេលខ្ញុំ ទៅប្រុយណេ ព្រះអង្គបានបើករថយន្តដោយអង្គឯង មកទទួលខ្ញុំនៅព្រលានយន្តហោះ ជូនទៅសណ្ឋាគារ ។
សម្ដេចតេជោ បានបញ្ជាក់ថា គោលបំណងទស្សនកិច្ចរបស់ព្រះអង្គ គឺមកសោយក្រយា (ស្រស់ស្រូប) ពេលព្រឹក ជាមួយខ្ញុំ ដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។ (បងប្អូន៣នាក់ គឺព្រះអង្គ ជាបងទី១, ឯកឧត្តម ថាក់ សុីន ជាប្អូនទី២ និងខ្ញុំជាប្អូនពៅ) ។
សម្ដេចបន្ថែមថា ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការសោយក្រយា (ស្រស់ស្រូប) ពេលព្រឹក ៣០មេសា ខាងព្រះអង្គ មានព្រះអង្គម្ចាស់ម៉ាទីន ដែលជាព្រះរាជ្យបុត្រ។ ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត, ហ៊ុន ម៉ានិត និងហ៊ុន ម៉ានី ។ ក្រោយការស្រស់ស្រូប ខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះ ដើម្បីព្រះអង្គ យាងនិវត្តន៍ទៅកាន់ប្រទេសវិញ ៕
ដោយ ៖ វណ្ណលុក




