សិស្សានុសិស្ស១៥០នាក់ ទទួលបានលិខិតបញ្ជាក់ការសិក្សាភាសាចិន
សៀមរាប៖ សិស្សានុសិស្ស១៥០នាក់ បានទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាភាសាចិន និងបណ្ណសរសើរពីសាលាភាសាជីងហ៊ួ បន្ទាប់ពីបញ្ចប់វគ្គសិក្សា។ ពិធីប្រគល់នេះ បានប្រារព្ធនៅសាលាភាសាចិនជីងហួរ ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
លោក ថាប់ សេងហុក ស្ថាបនិកសាលាភាសាចិនជីងហ៊ួរ បានថ្លែងថា សាលាភាសាចិនជីងហ៊ួរនេះ មិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះលើភាសាចិន ភាសាអង់គ្លេស កុំព្យូទ័រ និងតៃក្វាន់ដូប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាមួយសង្គមក្នុងការផ្ដល់អាហាររូបករណ៍ដល់សិស្សានុសិស្ស និស្សិត ជិត១០០នាក់ ដែលខ្វះខាតនិងគ្មានលទ្ធភាពបង់ថ្លៃសិក្សាជារៀងរាល់ឆ្នាំផងដែរ។
លោកស្រី សូ ចិន្ដា មន្ដ្រីទទួលបន្ទុកអប់រំកុមារ នៃការិយាល័យអប់រំយុវជន និងកីឡាក្រុងសៀមរាបបានលើកឡើងថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ។ដើម្បីឱ្យកុមារបានទទួលបានការបណ្តុះបណ្តាលគ្រប់ៗគ្នា រាជរដ្ឋាភិបាលបានខិតខំធ្វើការនិងផ្ដល់ឱ្យវិស័យឯកជនបណ្ដុះបណ្ដាល់ជំនាញដល់សិស្សានុសិស្សនៅតាមសាលាជនដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត ពីសាលារៀនរដ្ឋ។
លោកស្រីបន្ដថា យើងទទួលស្គាល់សាលាភាសាចិនជីងហ៊ួរ ពិតជាបានផ្ដល់ចំណេះដឹងនិងជំនាញជាច្រើនផ្នែក ទាំងភាសាចិន កុំព្យូទ័រ ភាសាអង់គ្លេសដល់សិស្សានុសិស្សាបានយ៉ាងល្អប្រសើរ៕
ដោយ:ស៊ាន សុផាត