គ្រូដំឡើងតង់ បង្រៀនសិស្ស នៅតំបន់ហ្គាហ្សា
ហ្គាហ្សា៖ គ្រូបង្រៀនបានបង្កើតជាសាលាតង់ នៅតំបន់ហ្គាហ្សា ដើម្បីឲ្យកុមារប៉ាឡេស្ទីន នៅទីនោះ អាចរៀនសូត្របាន ខណៈដែលសង្គ្រាម បន្តហែកហួរ។
អ្នកស្រី ឌូអា ណាសឺ (Douaa Nasser) ជាគ្រូបង្រៀនភាសាអង់គ្លេស ដែលបានបោះតង់បង្រៀន ដោយខ្លួនឯង នៅតំបន់ ដេ អែល បាឡាដ (Deir el Balah) ភាគកណ្តាល នៃតំបន់ហ្គាហ្សា បាននិយាយ កាលពីថ្ងៃសៅរ៍ថា «ជាការពិត មិនអាចប្រកែបាន ដែលសង្រ្គាមបានដកហូត សេរីភាព និងសន្តិភាព ទាំងអស់ ប៉ុន្តែ ខ្ញុំក៏មិនចង់ឱ្យបាត់បង់ការអប់រំ នោះទេ»។
ជាមួយនឹងឆន្ទៈបន្តសកម្មភាពថ្នាក់រៀន សម្រាប់កុមារ នៅ Gaza អ្នកស្រី ឌូអា ណាសឺ ( Douaa Nasser ) បានបន្ថែមថា «ជីវិតនៅសាលារៀន ធ្លាប់តែជាប្រភព នៃសុភមង្គល ក្តីសង្ឃឹម និងសុទិដ្ឋិនិយម សម្រាប់កុមារ»។
គួរបញ្ជាក់ថា សាលារៀនរបស់កុមារប៉ាឡេស្ទីន ជាទូទៅ មានជាតង់ ផ្ទាំងក្រណាត់។ បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ជាង៦ខែមកនេះ សាលារៀនរាប់រយកន្លែង ត្រូវបានបំផ្លាញទាំងស្រុង ឬ ខូចខាត ឬក៏ ប្តូរទៅជាជម្រក សម្រាប់ជនភៀសខ្លួន។ ទីក្រុង រ៉ាហ្វាដ ( Rafah) ភាគខាងត្បូង ហ្គាហ្សា ( Gaza ) មានប្រជាជនប៉ាឡេស្ទីន ប្រមាណ ១.៥លាននាក់ កំពុងកកកុញ នៅក្នុងជំរុំភៀសខ្លួន ដើម្បីសុវត្ថិភាព៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត