ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ យុវជន និងអាជ្ញាធរ ប្រកាសគាំទ្រ«គម្រោងព្រែកជីកហ្វូណនតេជោ»

ភ្នំពេញ៖ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ យុវជន និងអាជ្ញាធរ នៅខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានរួមគ្នាប្រកាសគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ» ដែលពួកគាត់មើលឃើញយ៉ាងច្បាស់ថា គម្រោងព្រែកជីកនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់សង្គម សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងឱ្យក្រសួងរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ប្រកាសគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ»។

ឯកឧត្តម ថ្លែងថា ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត ហើយគម្រោង បើកការដ្ឋានសាង់ចង់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខ។

ចំណែក ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ យុវជន និងអាជ្ញាធរ បានបង្ហាញការជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋភិបាលចាប់តាំងពីអាណត្តិមុនៗ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិនេះក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី និងធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ នេះ ជាផលប្រយោជន៍ជាប្រវត្តិសាស្រ្ដសម្រាប់ប្រទេសកម្ពុជាបន្ថែមទៀត។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស វិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទ ក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ រំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ លោក អ៊ឹង ឆៃហេង

ads banner