មន្រ្តីនាំយកអំណោយទៅផ្ដល់ជូនគ្រួសារអតីតយុទ្ធជន ២៦គ្រួសារ នៅក្នុងក្រុងព្រះវិហារ
ព្រះវិហារ៖ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា និងលោកជំទាវ បានដឹកនាំក្រុមការងារសមាគម អញ្ជើញសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ២៦គ្រួសារ និងបាននាំយកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅផ្តល់ជូន។ពិធីនេះប្រព្រឹត្តទៅនៅតំបន់ប្រតិបត្តិការសឹករងព្រះវិហារកាលពីថ្ងៃទី២៨មេសា២០២៤ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
អំណោយដែលគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំង ២៦គ្រួសារ ទទួលបាននាពេលនោះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ,មី ,ទឹកត្រី ,ត្រីខកំប៉ុង និងថវិកាមួយចំនួន ផងដែរ។
ក្នុងឳកាសនេះប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ,ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,លោក កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋក្រីក្រជានិច្ច៕
ដោយៈឡុង សំបូរ