រលកកំដៅវាយប្រហារទ្វីបអាស៊ី ជំរុញឱ្យប្រកាសអាសន្ន និងបិទសាលារៀន

ម៉ានីល៖ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បានទប់ទល់នឹងរលកកំដៅក្តៅខ្លាំងបន្ថែមទៀត នៅថ្ងៃអាទិត្យទី២៨ ខែមេសា ខណៈដែលអាជ្ញាធរទូទាំងតំបន់បានចេញការព្រមានផ្នែកសុខភាព ហើយអ្នកស្រុកបានភៀសខ្លួនទៅកាន់សួនកម្សាន្ត និងផ្សារទំនើបម៉ាស៊ីនត្រជាក់ ដើម្បីសង្គ្រោះគេចពីកំដៅ។

រលកកំដៅក្តៅខ្លាំងបានវាយប្រហារលើអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុន ដោយបានធ្វើឱ្យបារតវាស់សីតុណ្ណភាពហក់ដល់ ៤៥អង្សាសេ និងបង្ខំឱ្យសាលារៀនរាប់ពាន់កន្លែង ប្រាប់សិស្សឱ្យស្នាក់នៅផ្ទះជាបណ្តោះអាសន្នសិន។
ប្រទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃអាទិត្យ ពីការផ្អាកមករៀននៅតាមសាលារដ្ឋដោយផ្ទាល់ទាំងអស់រយៈពេលពីរថ្ងៃ បន្ទាប់ពីរលកកំដៅក្តៅខ្លាំងបានបំបែកកំណត់ត្រានៅក្នុងរដ្ឋធានីម៉ានីល។

រីឯនៅក្នុងប្រទេសថៃ ដែលមានមនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ ដោយសាររលកកំដៅក្តៅខ្លាំងនោះ រហូតមកដល់ពេលនេះ នាយកដ្ឋានឧតុនិយមបានព្រមានអំពីស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីសីតុណ្ហភាពក្នុងខេត្តភាគខាងជើងមួយ បានកើនឡើងលើសពី ៤៤.១អង្សាសេរកាលពីថ្ងៃសៅរ៍។ ហើយនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌា និងបង់ក្លាដែស អ្នកព្យាករណ៍ក៏បានព្រមានដែរថា សីតុណ្ហភាពអាចនឹងកើនឡើងលើសពី ៤០អង្សាសេក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ថា សីតុណ្ហភាពសកលបានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំមុន ហើយទីភ្នាក់ងារឧតុនិយម និងអាកាសធាតុរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីពេលថ្មីៗនេះថា ទ្វីបអាស៊ីកំពុងឡើងកំដៅក្នុងល្បឿនយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ការស្រាវជ្រាវវិទ្យាសាស្ត្រដ៏ទូលំទូលាយមួយរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកំដៅកាន់តែកើតឡើងញឹកញាប់ ហើយមានរយៈពេលវែង និងកាន់តែអាក្រក់ជាងមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner