បណ្ឌិត សេក សុជាតិ៖ ការជីកព្រែកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅកាន់សមុទ្រ គឺមានសារៈសំខាន់ខ្លាំងណាស់
ភ្នំពេញ៖ បណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានមានប្រសាសន៍ថា ការជីកព្រែកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅកាន់សមុទ្រ គឺមានសារៈសំខាន់ខ្លាំងណាស់ និងមាននិរន្តភាពយូរអង្វែងសម្រាប់វិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ជាពិសេសគឺការដឹកជញ្ជូនតាមផ្លូវទឹកចេញហើយនិងចូលនៅក្នុង និងចេញទៅអន្តរជាតិ។ បើសិនជាមើលទៅលើគម្រោងនេះ ទោះបីមានការវិនិយោគពីប្រទេសក៏ដោយ ក៏ប៉ុន្តែវាប្រើប្រាស់រយៈពេលត្រឹមតែ៥០ឆ្នាំ ហើយក្រោយពី៥០ឆ្នាំ គឺយើងនៅសល់ពេលរាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំតទៅមុខទៀត ដែលអាចធ្វើឱ្យកម្ពុជាមានការចំណេញផលប្រយោជន៍ជាច្រើន។ នេះជាយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលកម្ពុជា ដែលបង្កើតឱ្យមានយន្តការ ឬក៏យុទ្ធនាការជីកព្រែកតភ្ជាប់ពីទន្លេទៅសមុទ្រនៅក្នុងប្រទេសរបស់ខ្លួន។
បណ្ឌិត សេក សុជាតិ បានបន្តថា ការជីកព្រែកនេះ វាតែងតែផ្តល់គុណសម្បត្តិ និងគុណវិបត្តិស្របពេលជាមួយ ក៏ប៉ុន្តែបើសិនជាយើងមើលនៅក្នុងរយៈពេលវែង គឺយើងមានផលចំណេញច្រើនជាង។ វាជាយន្តការមួយដែលកម្ពុជាត្រូវតែធ្វើដោយមិនត្រូវឱ្យកម្ពុជាខ្ចីដង្ហើមផ្លូវទឹកអន្តរជាតិ នៃប្រទេសជិតខាង ដើម្បីយកផលិតផលរបស់ខ្លួនចេញទៅអន្តរជាតិ ហើយយកផលិតផលអន្តរជាតិចូលទៅក្នុងប្រទេសនោះទេ។ ដូច្នេះផលចំណេញនេះ គឺត្រូវបានកម្ពុជាជាអ្នកខាតបង់ បើសិនជាយើងប្រើប្រាស់ផ្លូវទឹករបស់ប្រទេសជាប់ខាងនៅក្នុងការតភ្ជាប់ទំនិញកម្ពុជាទៅកាន់ពិភពលោក ហើយនឹងទំនិញពិភពលោកចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះការដែលកម្ពុជាជីកព្រែកខ្លួនឯង គឺបានទទួលអត្ថប្រយោជន៍ទាំងរដ្ឋ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងប្រជាពលរដ្ឋ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានបញ្ជាក់ថា ការជីកព្រែកនេះ វាទទួលបានអត្ថប្រយោជន៍ច្រើនជាងការដែលយើងទទួលបាននៅបញ្ហាប្រឈម ហើយជឿជាក់ថា គ្រប់យ៉ាងទាំងអស់នៅក្នុងគម្រោងផែនការយុទ្ធសាស្ត្រសម្រាប់ស្តារ និងធានាបាននិរន្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជានៅរយៈពេលយូរ គឺកម្ពុជាគួរតែមានព្រែកតភ្ជាប់ពីទន្លេទៅសមុទ្រ។ ខ្ញុំចូលរួមគាំទ្រយ៉ាងពេញទំហឹងសម្រាប់ការរៀបចំឱ្យមានការជីកព្រែក ហើយនឹងតភ្ជាប់ព្រែកពីទន្លេទៅកាន់សមុទ្រនៅក្នុងទឹកដីរបស់ប្រទេសយើងតែម្តង។
សូមជម្រាបថា សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពង ដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារៈសំខាន់មួយនេះកំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ និងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ៕
ដោយ៖ពលជ័យ