សាកលវិទ្យាល័យស្វាយរៀងប្រកាសបើកដំណើរការជាផ្លូវការជំនាញផែនដីវិទ្យាសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

(ស្វាយរៀង)៖ ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀងនៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមប្រកាសបើកដំណើរការជាផ្លូវការជំនាញផែនដីវិទ្យាសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យស្វាយរៀង ដោយមានអ្នកចូលរួម ១៥០នាក់ ។

ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង បានថ្លែងអំណរគុណដល់ដៃគូ និងអ្នកពាក់ព័ន្ធដែលបានបង្ហាញការគាំទ្រសង្គមពុទ្ធិ កិច្ចសហការ និងការប្តេជ្ញាចិត្តការពារសហគមន៍ពីគ្រោះមហន្តរាយតាមរយៈការចូលរួមកម្មវិធីនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា ជំហានដែលយើងចាត់វិធានការឆ្ពោះទៅរកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាជំហានឆ្ពោះទៅកាន់ពិភពលោកដែលមានសុវត្ថិភាព និងនិរន្តរភាពជាងមុន។ ការបម្រែបម្រួលអាកាសធាតុ នគរូបនីយកម្ម និងកំណើនប្រជាជន គឺជាកត្តាដែលធ្វើឲ្យគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយយើងម្នាក់ៗមានទំនួលខុសត្រូវក្នុងការកាត់បន្ថយ ការសម្របខ្លួន និងការបង្កើនភាពធន់ផងដែរ ។

សូមបញ្ជាក់ថា ការចុះឈ្មោះចូលរៀនកម្រិតបរិញ្ញបត្រជាន់ខ្ពស់ជំនាញផែនដីវិទ្យាសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ មាននិស្សិតចំនួន១៥នាក់បានចុះឈ្មោះចូលរៀនជំនាញនេះ ៕

នុត នាង

ads banner