សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ ប្រ៊ុយណេ យាងធ្វើមាតុភូមិនិវត្តន៍

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា អាប់ឌុល ម៉ាទីន យាងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានយាងមកកាន់ប្រទេសកម្ពុជា កាលពីរាត្រី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងឱកាស នៃការថ្វាយព្រះរាជដំណើរ របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីកូនប្រុសទាំងពីររបស់សម្ដេចតេជោផងដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារ សា ធា រណៈ និងឯកឧត្តម ឧត្តម សេនីយ៍ ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

សូមជម្រាបថា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារ សា ធា រណៈ និងឯកឧត្តម ឧត្តម សេនីយ៍ ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចូលរួម ក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះចៅស៊ុលតង់ ហាជី ហា សិន ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ ឌុល ម៉ាទីន ។

ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច តេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារ វឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិត កណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ ក្រ យានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុត ប្រៀបដូចជាគ្រួសារតែ មួយ ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់លើបណ្ដាញ សង្គមថា ព្រះរាជដំណើររបស់ព្រះមហាក្សត្រប្រុយណេ មកម្ពុជា ពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែជាការសោយក្រយាពេលព្រឹក ជាមួយសម្តេច ដែលព្រះអង្គរាប់អានដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គ ជាបងទី១ ឯកឧត្តម ថាក់ ស៊ីន ជាប្អូនទី២ និង សម្តេចតេជោ ជាប្អូនពៅ) ។

សម្តេចតេជោ បានបញ្ជាក់ថា ការទទួលព្រះរាជដំណើរ ដោយផ្ទាល់បែបនេះ មិនមានអ្វីចម្លែកនោះទេ ព្រោះកាលពីឆ្នាំ២០១១ ពេលសម្តេច អញ្ជើញទៅព្រុយណេ ព្រះអង្គបានយាងបើករថយន្តដោយអង្គឯងមកទទួលសម្តេចនៅព្រលានយន្តហោះ ហើយជូនទៅសណ្ឋាគារផងដែរ។

សម្តេចតេជោ ហ៊ុន សែន ព្រះមហាក្សត្រ ព្រុយណេ និងលោក ថាក់ស៊ីន គឺជាអតីតមេដឹកនាំនៅក្នុងអាស៊ាន ដែលស្និទ្ធស្នាលនឹងគ្នាជាទីបំផុត។ មកដល់ពេលនេះ សម្រាប់ប្រទេសសមាជិកអាស៊ាន មានតែព្រះមហាក្សត្រព្រុយណេប៉ុណ្ណោះ ជាមេដឹកនាំប្រទេសសមាជិកអាស៊ាន មានព្រះជន្មចាស់វស្សា និងគ្រប់គ្រងអំណាចយូរជាងគេ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner