ជ្រូករស់ឡើងថ្លៃដល់ ៩៥០០រៀលក្នុងមួយគីឡូក្រាម តែទីផ្សារនៅមិនច្បាស់លាស់

ភ្នំពេញ:នៅពេលនេះ តម្លៃជ្រូករស់បានកើនឡើង៣០ភាគរយ គឺពី ៧០០០រៀលក្នុងមួយគីឡូក្រាម មកដល់៩៥០០រៀលក្នុងមួយគីឡូក្រាម។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ប្រាប់ទូរទស្សន៍អប្សរាថា កំណើនតម្លៃនេះដោយសារតែបម្រាមនាំចូលសាច់បង្កកជាពិសេសពីប្រទេសវៀតណាម និងថៃ ដែលបានអនុវត្តចាប់ពីថ្ងៃទី១២ខែមីនាឆ្នាំ២០២៤នេះមក។
លោកស្រ៊ុន ពៅ ថា ការឡើងថ្លៃនេះបានជួយឲ្យកសិករចៀសផុតពីការខាតបង់។

«យើងឃើញហើយថា មុនមិនទាន់មានការហាមឃាត់សាច់កម្ទេចកម្ទី នៃគ្រឿងក្នុងសាច់បង្កកនេះមក គឺ ១គីឡូក្រាម បានតែ ៧ ០០០ជាងទេ ឥឡូវឡើងដល់ ៩ ០០០ជាងហើយ អ៊ីចឹង ១ក្បាល គាត់ឡើងបាន ៥០ដុល្លារឯណោះ កាលលើកមុនគាត់ខាតរហូតដល់ ៥០ ៦០ អីចឹងទៅ ឥឡូវនេះគាត់បានរួចខ្លួន ហ្នឹងហើយគាត់បានរួចខ្លួន ហើយក៏បានដកដង្ហើមស្រួលបន្តិច»។

ក៏ប៉ុន្តែ អនាគតហាក់មិនច្បាស់លាស់ទេសម្រាប់ទីផ្សារជ្រូកខ្មែរ។ លោក ស្រ៊ុន ពៅ ថា អ្នកចិញ្ចឹមក្នុងស្រុកព្រួយបារម្ភថា បន្ទាប់ពីបម្រាមផ្អាកនាំចូលផុតសុពលភាពនៅខែកញ្ញាខាងមុខតម្លៃជ្រូករស់អាចធ្លាក់ថ្លៃវិញ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និយាយថា ការផ្អាកការនាំចូលសាច់បង្កករយៈពេល៦ខែដើម្បីលើកស្ទួយជ្រូកខ្មែរនេះ ជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ។ កម្ពុជាមិនអាចផ្អាករហូតបានទេដោយសារតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។
លោក ជ័យ តិច លើកឡើងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកសិករ គួរគិតគូររួមគ្នាពង្រឹងបច្ចេកទេសចិញ្ចឹម និងកាត់បន្ថយថ្លៃដើមចិញ្ចឹមជាដើមដើម្បីអាចប្រកួតប្រជែងជាមួយសាច់នាំចូល។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និយាយថា កសិករអាចយកពេលនេះបង្កើនសមត្ថភាពផលិតបំណែកសាច់បង្កកក្នុងស្រុក ប៉ុន្តែ លោកមិនបានបញ្ជាក់ទេថា តើក្រសួងនឹងត្រូវធ្វើអ្វីឬបានធ្វើអ្វីខ្លះហើយដើម្បីជួយបង្កើនសមត្ថភាពកសិករ និងបង្កើនការប្រកួតប្រជែង។ តែយោងតាមលោកស្រ៊ុន ពៅ ក្រោយចប់សុពលភាពនាំចូលចូលសាច់បង្កក ក្រសួងកសិកម្មកំណត់កូតានាំចូលតែសាច់ដែលខ្វះតែប៉ុណ្ណោះ។
បច្ចុប្បន្ន កម្ពុជាត្រូវការជ្រូករស់ពី ៨០០០ ទៅ៩០០០ក្បាលក្នុងមួយថ្ងៃ។ យោងតាមលោកស្រ៊ុន ពៅ ចំនួននេះអាចផ្តត់ផ្គង់បានទាំងស្រុងដោយជ្រូកក្នុងស្រុក៕


ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner