អភិបាលខេត្តបន្ទាយមានជ័យ រំលឹកមន្ត្រីធនធានទឹក និងអ្នកផលិតទឹកស្អាតឳ្យគ្រប់គ្រងប្រភពទឹកឳ្យបានល្អ

បន្ទាយមានជ័យ: ក្នុងឳកាសចុះពិនិត្យស្ថានភាពប្រភពទឹកធម្មជាតិក្នុងភូមិសាស្ត្រខេត្តកាលពីរសៀលថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០២៤ លោក ឃ្លោក នួយអភិបាលរងខេត្តបន្ទាយមានជ័យ បានរំលឹកមន្ត្រីធនធានទឹក និងអ្នកផលិតទឹកស្អាតក្នុងខេត្តត្រូវគ្រប់គ្រងប្រភពទឹកឳ្យបានល្អស្របពេលស្ថានភាពអាកាសធាតុក្ដៅហួតហែងខ្លាំង។
លោក ឃ្លោក នួយ អភិបាលរងខេត្តក្នុងនាមឯកឧត្តមអភិបាលខេត្តបន្ទាយ មានជ័យ បានបន្ថែមថា ក្នុងស្ថានភាពកើនកំដៅសម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងពេលនេះ យើងរក្សាបានប្រភពទឹកធម្មជាតិ ដោយមាន អាងទឹកត្រពាំងថ្ម ស្រុកភ្នំស្រុក ,ទឹកស្ទឹងស្រុកមង្គលបូរី និងស្រះសហគមន៍មួយចំនួនទៀតនៅតាមក្រុងស្រុក ក្នុងខេត្ត ។ជាមួយគ្នានេះ អាជ្ញាធរ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឳ្យជីកអណ្ដូងទឹក ថែមទៀតផង។

លោកអភិបាលរងខេត្តបានប្រាប់មន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយម និងម្ចាស់សេវាកម្មផលិតទឹកស្អាតកំពុងធ្វើអាជីវកម្មក្នុងខេត្តបន្ទាយមានជ័យ ឳ្យបន្តគ្រប់គ្រងប្រភពទឹកធម្មជាតិនិងស្ដារអាងទឹក,ស្ដារស្រះជាដើម។អាជ្ញាធរមូលដ្ឋានត្រូវបន្តបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឳ្យចូលរួមការពារប្រភពទឹកដោយមិនត្រូវបើកឬកាយបង្ហូរទឹកដើម្បីចាប់ត្រីឬប្រើទឹកខ្ជះខ្ជាយនោះឡើយ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ បានអនុវត្តសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ក៏ដូចជាការណែនាំឯកឧត្តមអភិបាលខេត្ត ។លោកបានបញ្ជាក់ថា មន្ត្រីជំនាញនិងមន្ត្រីសហគមន៍ប្រើប្រាស់ទឹកបានបិទទ្វារទឹកអាងនានានៅតាមស្រុកក្រុងដែលមានប្រភពទឹកនេះ ។ ទន្ទឹមនឹងនេះ អ្នកបច្ចេកទេសរបស់មន្ទីរបានឲ្យអ្នកផលិតទឹកស្អាតសិក្សារកប្រភពទឹកក្រោមដីបន្ថែម ត្រៀមអន្តរាគមន៍ ដោះស្រាយបញ្ហាទឹកប្រើប្រាស់ក្នុងពេលរដូវក្ដៅនេះ ទម្រាំមានភ្លៀងធ្លាក់ ៕
ដោយៈគៀន ច័ន្ទហ៊ីន

ads banner