ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានវត្តមានបួនថ្ងៃពេញតាមដាន និងត្រួតពិនិត្យការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ
ភ្នំពេញ៖ចាប់តាំងពីថ្ងៃទី២ រហូតមកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានវត្តមាន តាំងពីព្រឹករហូតដល់ពេលរសៀល រយៈពេលបួនថ្ងៃពេញដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យតាមបណ្តាមណ្ឌលនីមួយៗ និងបានអញ្ជើញសាកសួរសុខទុក្ខអាណាព្យាបាលសាច់ញាតិរបស់បេក្ខជនដែលបានរង់ចាំលើកទឹកចិត្តបេក្ខជននៅក្រៅមណ្ឌលប្រឡងផងដែរ។
សូមជម្រាបថា សម័យប្រឡងនៅថ្ងៃទី៥ ខែឧសភាបានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច ដោយមានបេក្ខជនសរុបចំនួន ៨ន៤៦៥នាក់ ចែកចេញជា ពីរវេន។ក្នុងនេះ វេនទី១ ចាប់ពីម៉ោង១២ដល់ ម៉ោង២រសៀល សម្រាប់បេក្ខជនជ្រើសរើសមុខវិជ្ជាឯកទេស គណិតវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១) ចំនួន ៥៩៣នាក់ និងគីមីវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+៤) ចំនួន ២,៥០៣នាក់និង វេនទី២ ចាប់ពីម៉ោង៤ រសៀល ដល់ម៉ោង ៦ល្ងាច បេក្ខជនដែលជ្រើសរើសមុខវិជ្ជាឯកទេស ប្រវត្តិវិទ្យា-ភូមិវិទ្យា(ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៥,៣៦៩នាក់។
យោងតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើស រើសមន្ត្រីរាជការស៊ីវិល បែបបទនៃការរៀបចំវិញ្ញាសាសម្រាប់ការប្រឡងប្រជែងសមាសភាពអនុគណៈកម្មការតាក់តែងវិញ្ញាសាត្រូវជ្រើសរើសចេញពីមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួង ស្ថាប័ន និងសាស្ត្រាចារ្យ/គ្រូបង្រៀនដែលមានជំនាញនៃគ្រឹះស្ថានសិក្សា ៕
ដោយៈង៉ាន់ ទិត្យ