ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយដោយបំភ័ន្តជ្រើសតែមួយជ្រុង និងមានភាពរើសអើងរបស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស

ទីក្រុងហ្សឺណែវ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្តជ្រើសតែមួយជ្រុង និងមានភាពរើសអើងរបស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធការតម្កល់បទចោទប្រកាន់លើលោកស្រី ឈឹម ស៊ីថរ របស់តុលាការកម្ពុជា។

ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាមានភាពចាំបាច់ផ្តល់ការបំភ្លឺដូចខាងក្រោម៖
1.ការអំពាវនាវឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ “ជាបន្ទាន់” ឬ “អាជ្ញាធរឱ្យលុបចោលការផ្តន្ទាទោសទាំងអស់” គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ សេចក្តីសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីដ៏ត្រឹមត្រូវបំផុត។ ភាពចាំបាច់នៃគោលការណ៍បែងចែកអំណាចនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យគឺការធានាឯករាជ្យភាពរបស់តុលាការ ដោយគ្មានអាជ្ញាធរណាផ្សេងទៀតអាចជ្រៀតជ្រែក ឬដាក់សម្ពាធលើតុលាការឱ្យទម្លាក់ការចោទប្រកាន់ ឬលុបចោលការផ្តន្ទាទោសនោះទេ។ ការសម្រេចបែបណានោះគឺ ស្ថិតនៅក្នុងអំណាចឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង។ លោកស្រី ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានធ្វើកូដកម្មជាច្រើនខែ ដោយខុសច្បាប់ និងដោយមានការឧបត្ថម្ភគាំទ្រពីបរទេស កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញតិ្តមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកស្រីត្រូវ បាន ដោះលែងឱ្យនៅក្រៅឃុំ ជាបណ្តោះអាសន្នដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយត្រូវឃុំខ្លួនជាបន្តទៀត បន្ទាប់ពីបានបំពានកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមបញ្ញតិ្តមាត្រា ២៣០ នៃ ក្រមនីតិវិធីព្រហ្មទណ្ឌ។

2.ផ្ទុយពីការចោទប្រកាន់របស់អ្នកនាំពាក្យខាងលើ សមាជិកសហជីពត្រូវបានផ្តន្ទាទោសពីបទល្មើសដែលពួកគេបានប្រព្រឹត្តកំហុស មិនមែន “ដោយសារការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធី និងបង្កើតសមាគម”នោះទេ។ ការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម គឺមិនមែនជាការអនុវត្តសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនោះទេ ហើយក៏មិនស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយដែរ។

3.នៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងសង្គមប្រជាធិបតេយ្យផ្សេងទៀតដែរ បុគ្គលទាំងនោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ មិនមែនផ្អែកលើសម្ព័ន្ធនយោបាយ ឬតួនាទីជាសហជីពនោះទេ។ បទ ចោទ ប្រកាន់កើត ចេញ ពីការប្រព្រឹត្ត បទ ល្មើសនឹងច្បាប់ តែ ប៉ុណ្ណោះ។ ប្រសិនបើ បុគ្គលណាម្នាក់ដឹកនាំ ឬរៀបចំកូដកម្មដោយខុសច្បាប់ ឬធ្វើបាតុកម្មដោយប្រើហិង្សា បង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឬដល់សិទ្ធិនិងសេរីភាពរបស់អ្នកដ៏ទៃ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ទាំងអនុសញ្ញាលេខ ៨៧ ស្តីពីសេរីភាពនៃសមាគម និងការការពារសិទ្ធិនៃការបង្កើតសមាគម ឬស្តង់ដារអន្តរជាតិស្តីពីការងារផ្សេងទៀត ក៏ពុំមានផ្តល់សិទ្ធិដល់មេដឹកនាំសហជីព ឬសមាជិកសហជីពឱ្យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដោយនិទណ្ឌភាពនោះទេ ។

4.កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះពហុនិយម បរិយាបន្ន និងនីតិរដ្ឋ ស្របជាមួយការប្តេជ្ញាចិត្តក្នុងការជំរុញសង្គមប្រជាធិបតេយ្យសេរី ដែលសំឡេង និងមតិចម្រុះត្រូវបានគោរព។ កម្ពុជាជឿជាក់ថា ការចូលរួមប្រកបដោយអត្ថន័យ និងបរិយាបន្ន នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ នឹងសម្រេចទៅបានដរាបណាបុគ្គលគ្រប់រូប ដោយមិនគិតពីឋានៈ និងនិន្នាការ រួមគ្នាអនុវត្តសិទ្ធិនិងសេរីភាព ប្រកបដោយការទទួលខុសត្រូវ ក្នុងព្រំដែននៃនីតិរដ្ឋ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ ស្នើការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សគោរពឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេច A/RES/48/141 ដែលបានកំណត់អណត្តិការងាររបស់ការិយាល័យនេះ ដោយត្រូវគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាព និងយុត្តាធិការក្នុងស្រុករបស់រដ្ឋសមាជិក៕

ads banner