អាកាសចរណ៍អូស្ត្រាលី Qantas បន្លំជើងហោះហើរ រាប់ម៉ឺនលើក

កាលពីថ្ងៃចន្ទ ដោយមានការឯកភាពពីតុលាការ ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas បានយល់ព្រមបង់ប្រាក់ពិន័យ ចំនួន៦៦លានដុល្លារ បន្ទាប់ពីរឿងអាស្រូវ «ជើងហោះហើរខ្មោច» ឬ ការបន្លំជើងហោះហើរ ចំនួនរាប់ម៉ឺនលើក។
 
ផ្អែកតាមក្រុមឃ្លាំមើលអូស្ត្រាលី ក្រុមហ៊ុន Qantas បានសារភាពថា ខ្លួនពិតជាបានបំភាន់អ្នកប្រើប្រាស់ លើវេទិកាផ្សាយពាណិជ្ជកម្ម នៅលើជើងហោះហើរយន្តហោះ ជាហេតុនាំឲ្យអ្នកដំណើរជាច្រើន ត្រូវរៀបចំផែនការវិស្សមកាល ឬ អាជីវកម្ម ឡើងវិញ បន្ទាប់ពីការកក់របស់ពួកគេ ត្រូវបានលុបចោល ហើយចាត់ទុកថា នេះគឺជាកង្វះខាតស្តង់ដារ ក្រុមហ៊ុន ដែលគួរឲ្យសោកស្តាយខ្លាំង។ ក្រុមហ៊ុន Qantas ក៏នឹងផ្តល់សំណង ចំនួន ១៣លានដុល្លារដល់អ្នកដំណើរ ចំនួនជិត ៩ម៉ឺននាក់ ដែលរងផលប៉ះពាល់ ក្នុងរឿងនេះដែរ។
 
លោកស្រី Gina Cass-Gottlieb ប្រធានគណៈកម្មការប្រកួតប្រជែងរបស់អូស្ត្រាលីបាននិយាយថា ការប្រព្រឹត្តរបស់ Qantas បែបនេះ គឺធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន។
 
ក្រុមហ៊ុនអាកាសចរណ៍ជាតិអូស្ត្រាលី មានអាយុកាល១០៣ឆ្នាំ មួយនេះ ក៏កំពុងប្រឈមមុខនឹងការរិះគន់របស់អតិថិជន ដែលបង្កឡើងដោយការកើនឡើងតម្លៃសំបុត្រ ,សេវាកម្មមិនសមរម្យ ហើយធ្លាប់បានបណ្តេញ បុគ្គលិកជិត ២ពាន់នាក់ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។
 
យ៉ាងណាមិញ ក្រុមហ៊ុន Qantas បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំ ចំនួន ១.១ ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលកំណត់ពីការស្ទុះងើបឡើងវិញ បន្ទាប់ពីភាពចលាចល ក្នុងឆ្នាំ Covid-១៩ ៕
 
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner