សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចទៀតក្នុងតំបន់ និងលើសកលលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើងកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបី បានបន្តថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន និងម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធផ្សេងៗ។

សម្តេចធិបីបានបន្តទៀតថា សមិទ្ធផលនេះ ក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ, និងដើម្បីកាត់បន្ថយ បន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ។ ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលមានការតភ្ជាប់ ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរ ទិន្នន័យជាមួយបណ្តា ប្រទេសជាសមាជិកអាស៊ាន នឹងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលកន្លងមក ពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នាជាច្រើនលើក មកជាការស្នើសុំតែមួយ លើករួមគ្នាតាមទម្រង់អេឡិចត្រូនិក។ ប្រព័ន្ធនេះ រួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកលើក្រដាស ទៅជាការមិនប្រើក្រដាស។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើងកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។

សម្តេចធិបតី បានបង្ហាញនូវក្តីរំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាគំរូជោគជ័យមួយទៀតនៃកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលបានជម្នះនូវការលំបាកទាំងឡាយ ក្នុងដំណើការនៃការសម្របសម្រួលស្ថាប័ន។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិអាចចាត់ទុកបានថា ជាជោគជ័យរួមគ្នា ឬជាសមិទ្ធផលរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងការអនុវត្តការងារតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System) ដែលការធ្វើការួមគ្នាប្រកបដោយជោគជ័យនេះ ក៏បានហុចផលដល់វិស័យឯកជននូវប្រយោជន៍ជាច្រើន មានជាអាទិ៍ ចំណេញពេលវេលា និងកាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួង-ស្ថាប័នមួយ ទៅក្រសួង-ស្ថាប័នមួយទៀតនោះទ្បើយ។

សម្តេចមហាបវរធិបតី បានកោតសរសើរចំពោះថ្នាក់នាំ និងសមាជិក សមាជិកាទាំងអស់នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ដែលបានខិតខំរួបរួមគ្នាអភិវឌ្ឍ និងអនុវត្ត គម្រោងបញ្ជរតែមួយជាតិ នេះរហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ ព្រមទាំងបានជំរុញក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យចូលរួមអនុវត្តបានឆាប់រហ័ស។

គួរបញ្ជាក់ថា ប្រព័ន្ធបញ្ជរតែមួយជាតិ ជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដោយប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើរសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញទៅគ្រប់ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេទ្បិចត្រូនិក៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner