សម្តេចតេជោ ហ៊ុន សែន ស្នើជាថ្មីម្តងទៀតឱ្យឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូ រវាងសម្តេចជាមួយលោកជំទាវ អោង ស៊ានស៊ូជី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើជាថ្មីម្តងទៀតឲ្យឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូ រវាងសម្តេចជាមួយលោកជំទាវ អោង ស៊ានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេច និងលោកជំទាវធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំក្នុងកិច្ចការអាស៊ាននោះ។ ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) តាមរយៈ Video Conference នៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើមសម្តេចតេជោ បានសម្តែងនូវក្តីរីរីករាយដែលបានជួបជាមួយនឹងឯកឧត្តម មីន អោងឡាំង និងបានអរគុណចំពោះសារអបអរសាទររបស់ឯកឧត្តម មីន អោងឡាំង នៅក្នុងឱកាសដែលសម្តេចបានជាប់ធ្វើជាប្រធានព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសាកសួរសខុខទុក្ខគ្នា នឹងដើម្បីទទួលបាននូវការចែករំលែកអំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍន៍នៅមីយ៉ាន់ម៉ាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម មីន អោងឡាំង បានសម្តែងនូវការអបអរសាទរសារជាថ្មីចំពោះសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និងបានអរគុណចំពោះសម្តេចតេជោ និងវាយតម្លៃខ្ពស់នៃការចូលរួមរបស់សម្តេចតេជោដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ហើយព្យាយាមរួមចំណែកនៅក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន។

ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើជាថ្មីម្តងទៀតឱ្យឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ ជាមួយលោកជំទាវ អោង ស៊ានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកជំទាវធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំក្នុងកិច្ចការអាស៊ាននោះ។ ជាមួយគ្នានោះផងដែរ សម្តេចតេជោ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តនៃកិច្ចព្រមព្រៀងឯកច្ឆ័ន៥ចំណុច ហើយរំពឹងថា ការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។ សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលបានបញ្ជូនតំណាងមិននយោបាយឲ្យមកចូលរួមនៅក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសកាលពីខែមករា និងបានលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមនៅក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ានផងដែរ។

ជាការឆ្លើយតប ឯកឧត្តម មីន អោងឡាំង ក៏បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយឲ្យមកចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថា នឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិទ្ធិពិសេសរបស់ខ្លួនមកកាន់ប្រទេសកម្ពុជានាពេលខាងមុខផងដែរ ដើម្បីបន្តការពិភាក្សាលើសំណើនេះ និងដើម្បីទទួលយកនៅការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដោយសេរី យុត្តិធម៌ និងមានតម្លាភាព។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នា នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ វប្បធម៌ និងកីឡា ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា

ads banner