ឯកអគ្គរដ្ឋទូតអាមេរិក៖ ក្រោមការដឹកនាំរបស់សម្តេចធិបតី រយៈពេល៨ខែកន្លងមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងពង្រីកប្រសើរបន្ថែមទៀត

ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល៨ខែកន្លងមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ប្រសើរបន្ថែមទៀត។ ការបញ្ជាក់នេះ ក្នុងសម្តែងការគួរសម និងជម្រាបលា ជាមួយសម្តឹចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ផាទ្រីក មើហ្វី បានបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនាពេលកន្លងមក។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ផាទ្រីក មើហ្វី បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល វិស័យបោសសំអាតមីន និងវិស័យសំខាន់ៗ ផ្សេងទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យបោសសំអាតមីន ខណ:ដែលសហរដ្ឋអាមេរិកជាដៃគូផ្តល់ជំនួយដល់កម្ពុជាដ៏សំខាន់។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅចុងឆ្នាំ២០២៤នេះ។

ទន្ទឹមនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ តាមរយៈការពិភាក្សាគ្នាក្នុងការដាក់ចេញនូវសកម្មភាពដែលប្រទេសទាំងពីរអាចធ្វើរួមគ្នា ក៏ដូចជាកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចនិស្សិតផ្នែកយោធាជាដើម។ ឯកឧត្តមមានជំនឿជាក់ថាឯកអគ្គរដ្ឋទូតថ្មី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ផាទ្រីក មើហ្វី និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់ឯកឧត្តម លើវិស័យជាច្រើន រួមមាន៖ អប់រំ សុខាភិបាល ទេសចរណ៍ វប្បធម៌ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន និងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន ក្នុងវិស័យធុរកិច្ច និងវិនិយោគ។ នាឱកាសនេះ សម្តេចធិបតី ក៏បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ជូនឯកឧត្តម ផាទ្រីក មើហ្វីផងដែរ។ សម្តេចធិបតី បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយសម្តេចធិបតី ក៏បានបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋានសង្គតិភាព និងនិរន្តរភាព។

សម្តេចធិបតី ក៏បានគូសរំលេចផងដែរ អំពីការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពថ្មីៗក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត រួមទាំងវិនិយោគិនពីសហរដ្ឋអាមេរិក។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ដែលជាប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។

ជាទីបញ្ចប់ សម្តេចធិបតីក៏បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មីរបស់ឯកឧត្តម និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner