អាជ្ញាកណ្តាលសហព័ន្ធកីឡាវាយកូនគោល ៤រូប ចូលរួមសិក្ខាសាលាគ្រប់គ្រងការប្រកួត និងអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិត៣ នៅ ម៉ាឡេស៊ី

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ មន្រ្តីអាជ្ញាកណ្តាលសហព័ន្ធកីឡាវាយកូនគោលកម្ពុជា៤រូបមាន លោក សួន វិសាល លោក នួន អង្គារ ឬទ្ធិ លោក ខេន ញ៉ាន និង ណែត ផាន់ណាវង្ស នាព្រឹកថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៤ បានចាកចេញពីប្រទេសកម្ពុជាទៅចូលរួមក្នុងវគ្គសិក្ខាសាលាគ្រប់គ្រងការប្រកួត និងអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិត៣ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៤។

ថ្លែងមុនឡើងយន្តហោះ លោក សួន វិសាល តំណាងអាជ្ញាកណ្តាលសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលអាជ្ញាកណ្តាលកីឡាវាយកូនគោលបានទៅចូលរួមក្នុងវគ្គអាជ្ញាកណ្តាលអន្តរជាតិកម្រិត៣ ខណៈវគ្គបណ្តុះបណ្តាលបែបនេះ គឺក្រុមអាជ្ញាកណ្តាលកម្ពុជាបានរៀនសូត្រតាមរយៈការអញ្ជើញអ្នកជំនាញមកបណ្តុះបណ្តាលនៅកម្ពុជា។

លោកថា សម្រាប់ការទទួលឱកាសចូលរួមក្នុងសិក្ខាសាលាកម្រិត៣នេះ វាទទួលបានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់កម្ពុជា មានដូចជា ការនាំយកចំណេះដឹងកម្រិតអាជ្ញាកណ្តាលអន្តរជាតិមកចែករំលែកដល់ធនធានអាជ្ញាកណ្តាលជំនាន់ក្រោយ ដែលជាទិសដៅរបស់សហព័ន្ធ គឺចង់បង្កើនធនធានមនុស្សផ្នែកអាជ្ញាកណ្តាលអន្តរជាតិឱ្យមានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងការប្រកួតធំៗដូចជាការប្រកួតកីឡាយុវជនអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៩។

លោក សួន វិសាល បន្ថែមទៀតថា កាលណាប្រទេសកម្ពុជាយើងមានធនធានមនុស្សផ្នែកអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិតអន្តរជាតិមានច្រើន ការចំណាយលើអាជ្ញាកណ្តាលអន្តរជាតិមកជួយក្នុងការប្រកួតក៏ត្រូវបានកាត់បន្ថយ វាជាផលចំណេញសម្រាប់ជាតិ ហើយ ធនធានអាជ្ញាកណ្តាលអន្តរជាតិយើងក៏កាន់តែកកើតច្រើន នឹងអាចវិវឌ្ឍសមត្ថភាពចូលរួមធ្វើជាអាជ្ញាកណ្តាលនៅតាមបណ្តាប្រទេសផ្សេងៗក្នុងព្រឹត្តិការណ៍ប្រកួតធំៗផងដែរ។ ជាការបង្ហាញអំពីធនធានមនុស្សផ្នែកអាជ្ញាកណ្តាលកីឡាវាយកូនគោលនៅកម្ពុជា។

ជាមួយគ្នានេះ ការទទួលបានឱកាសទៅក្រេបជញ្ជាក់យកចំណេះដឹង និងបទពិសោធន៍បន្ថែមនៅប្រទេសម៉ាឡេស៊ីរយៈពេល៣ថ្ងៃនេះ លោក សួន វិសាល តំណាងឱ្យអាជ្ញាកណ្តាល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធ ដែលបានយកចិត្តទុកដាក់ដល់មន្រ្តីក្រោមឱវាទលើការបណ្តុះបណ្តាលជំនាញ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាវាយកូនគោលនៅកម្ពុជា។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះ សម្រាប់កម្រិត២ បានធ្វើឡើងនៅកម្ពុជា ក្នុងឆ្នាំ២០២៣ មុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បណ្តុះបណ្តាលបានអាជ្ញាកណ្តាលកម្រិតអន្តរជាតិជាង២០នាក់ តាមរយៈអ្នកជំនាញ ដែលសហព័ន្ធកីឡាវាយកូនគោលអន្តរជាតិបញ្ជូនមក៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner