អ្នកនាំពាក្យរដ្ឋាភិបាល ៖ ការអំពាវនាវរបស់អង្គ ការ ឃ្លាំ មើលសិទ្ធិមនុស្សអន្តរជាតិធ្វើឡើងក្នុង របៀប វារៈនយោបាយដែលមានចេតនាទុច្ចរិត ចំពោះកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានច្រាន ចោលចំពោះការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) និងបានហៅការអំពាវនាវរបស់អង្គការមួយនេះឲ្យប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិដាក់សំពាធលើរដ្ឋាភិបាលកម្ពុជា ដោយចោទថា ធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំង គឺបានធ្វើឡើងក្នុងរបៀបវារៈនយោបាយដែលមានចេតនាទុច្ចរិតចំពោះកម្ពុជា និងការពារកាន់ជើងអ្នកប្រព្រឹត្តខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រុមអ្នកនយោបាយជ្រុលនិយមដែលប្រព្រឹត្តល្មើសច្បាប់កម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅថ្ងៃទី៨ ខែឧសភានេះថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) មិនមែនជាអង្គការសិទ្ធិមនុស្សនោះទេ គឺជាអង្គការមួលបង្កាច់សិទ្ធិមនុស្ស ជាអង្គការជ្រុលនិយម ដូចគណបក្សជ្រុលនិយមនៅកម្ពុជាដែរ គឺប្រឆាំងគ្រប់បែបយ៉ាង ពោលគឺឲ្យតែរដ្ឋាភិបាលកម្ពុជាធ្វើអីអង្គការមួយនេះតែងតែប្រឆាំងជានិច្ច។ គេអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តល្មើសច្បាប់ បែរជាអអ្គការមួយនេះថាជាការធ្វើទុក្ខបុកម្នេញទៅលើក្រុមប្រឆាំង។ ប៉ុន្តែត្រង់ថា តើជនល្មើសច្បាប់ទាំងឡាយធ្វើអីអង្គការមួយនោះមិនដែលខ្វល់ទេ។

ឯកឧត្តមអ្នកនាំពាក្យបានមានប្រសាសន៍បន្តថា សំឡេងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ តែងតែនិយាយមួកលបង្កាច់កម្ពុជា និងតែងតែអំពាវនាវឲ្យអន្តរជាតិ និងអង្គការសហប្រជាជាតិធ្វើនេះធ្វើនោះ ប៉ុន្តែគ្មានអ្នកណាស្តាប់ទេ ដោយសារតែគេយល់ថា អង្គការមួយនេះជាអង្គការមួយបង្កើតឡើងក្នុងរបៀបវារៈនយោបាយមួយដែលមានចេតនាទុច្ចរិតចំពោះកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា សកម្មភាពរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ គឺការពារកាន់ជើងអ្នកប្រព្រឹត្តខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រុមអ្នកនយោបាយជ្រុលនិយមដែលប្រព្រឹត្តល្មើសច្បាប់កម្ពុជា អង្គការនេះតែងតែការពារ ដូច្នេះប្រជាពលរដ្ឋខ្មែរបានស្គាល់មុខមាត់របស់អង្គការមួយនេះហើយ។

សូមជម្រាបថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានអំពាវនាវឲ្យប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិដាក់សំពាធលើរដ្ឋាភិបាលកម្ពុជា ដោយបានចោទប្រកាន់ថាបានធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំង។ ការអំពាវនាវនេះ បានធ្វើឡើងនៅមុខកិច្ចប្រជុំដំណើរការពិនិត្យជាសកលតាមការកំណត់របស់អង្គការសហប្រជាជាតិដែលនឹងបើកកិច្ចប្រជុំនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដែលមានភាគីកម្ពុជា និងរដ្ឋជាសមាជិកចូលរួម៕
ដោយ៖ពលជ័យ

ads banner