អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីការឃាត់ខ្លួនប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា

កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនឈ្មោះ ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា នៅបឹងទំពុនទី២ ខណ្ឌមានជ័យ ហើយបានបញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវិធី។ ការឃាត់ខ្លួននេះ អនុវត្តទៅតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ធន់ ដារិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការឃាត់ខ្លួនឈ្មោះ ម៉ម រិទ្ធី នេះ គឺពាក់ព័ន្ធនឹងបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្វើឱ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការដែលប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សូមជម្រាបថា លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ» ដែលពាក់ព័ន្ធនឹងការបញ្ចេញមតិយោបល់របស់លោក អំពីករណីវិវាទការងារនៃសណុំរឿងក្រុមហ៊ុន ជីនប៉ី គ្រុប ឯ.ក. នៅបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ៕
ដោយ៖ពលជ័យ

ads banner