រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយដែលក្រសួងត្រូវជំរុញ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន

(ខេត្តបាត់ដំបង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ខេត្តបាត់ដំបង នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសាទរចំពោះភាពរីកចម្រើនរបស់សហគមន៍ ដែលបានខិតខំមានផ្ទះសំណាញ់ និងទីផ្សារលក់ផលិតផល ផ្តល់ផលចំណេញដល់សមាជិកសហគមន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលបំណងនៃការបង្កើតសហគមន៍កសិកម្មទំនើប ដែលចង់ជំរុញឱ្យសហគមន៍កសិកម្មកាន់តែរីកចម្រើនប្រសើរជាងពេលបច្ចុប្បន្ន ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយដែលក្រសួងត្រូវជំរុញ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញ ដោយសហគមន៍ផ្ទាល់ ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ការបង្កើតសហគមន៍កសិកម្មទំនើប គឺជាការបង្កលទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមិនមានផ្ទះសំណាញ់សម្រាប់ធ្វើផលិតកម្ម មិនមានលទ្ធភាពវិនិយោគ ទទួលបានឱកាសចូលជាសមាជិក និងទទួលបានការគាំទ្រ និងផលចំណេញទៅតាមទំហំដីកសិកម្មដែលបានដាក់ចូលរួមក្នុងសហគមន៍ តែត្រូវមានភាពប្រាកដច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីគោលជំហរ ក្នុងការរុញសហគមន៍កសិកម្មទំនើប កសិកម្មបែបសេដ្ឋកិច្ចនេះ ឱ្យទៅមុខ ហើយកសិករដទៃទៀត អាចពិនិត្យតាមដាន និងធ្វើការសម្រេចចិត្តពេលក្រោយ។ បន្ទាប់ពីកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពផ្ទះសំណាញ់ និងទីតាំងនៃសមាជិកមួយចំនួននៃសហគមន៍កសិកម្ម៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner