ព្រែកជីកហ្វូណនតេជោ ក្លាយជាចលនាជាតិដ៏ផុសផុល

ភ្នំពេញ៖ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយវីដេអូមួយមានរយៈពេលប្រមាណ១៥នាទី ក្រោមចំណងថា «ចលនាជាតិដ៏ផុសផុល កំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា»។

ខ្លឹមសារនៃវីដេអូបានបង្ហាញថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានប្រកាសយ៉ាងកងរំពង បង្ហាញឆន្ទៈមោះមុតឥតងាករេ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកដ៏ធំនិងមានសក្តានុពលរបស់កម្ពុជា។ ការប្រកាសរបស់សម្តេច បានបង្កើតជា ចលនាជាតិដ៏ខ្លាំងក្លា ចេញពីប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទីទាំងអស់ ដែលស្ម័គ្រស្មោះ រួបរួមគាំទ្រ នូវគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជម្រុញឱ្យគម្រោងនេះលេចចេញជារូបរាងឡើងតាមការគ្រោងទុក។ ជាការំពឹងទុកក្រោយពេលសម្រេចបាននូវគម្រោងព្រែកជីកហ្វូណនតេជោ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹមសត្វជាដើម។

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជានាយករដ្ឋមន្ត្រីបន្តវេន សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកុលបុត្រកម្ពុជាដ៏ឆ្នើម ដែលពោរពេញដោយសមត្ថភាព ចំណេះដឹង និងមនសិការស្នេហាជាតិ ហើយសម្តេចធិបតីបាននិងកំពុងបន្តបេសកកម្មរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះ ចេញជារូបរាងតាមផែនការ។

ដោយមើលឃើញពីតម្លៃដ៏ធំធេង និងគោលដៅដ៏ពិសិដ្ឋរបស់ប្រមុខដឹកនាំកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគម្រោងនេះ ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវគម្រោងដ៏ពិសិដ្ឋនេះ ដោយបានចេញសារ និងញាតិគាំទ្រយ៉ាងព្រោងព្រាង ដើម្បីសម្តែងមតិគាំទ្រលើគម្រោងដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏ធំសម្រាប់ប្រទេសជាតិ និងជម្រុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត៕
សូមទស្សនាវីដេអូ៖

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner